(អកលែនដ៍)៖ នាយករដ្ឋមន្រ្តីនូវែលសេឡង់ លោកស្រី ចេស៉ីនដា អាដឺន (Jacinda Ardern) បានបញ្ជាក់ថា ការវាយប្រហារដោយកាំបិត ដែលបានកើតឡើងនៅផ្សារទំនើបញូលីន (New Lynn) ដែលស្ថិតក្នុងទីក្រុងអកលែនដ៍ (Auckland) នៅវេលាម៉ោង ០២៖៤០នាទីរសៀល (ម៉ោងនៅនូវែលសេឡង់) នៅថ្ងៃសុក្រនេះគឺជា «ការវាយប្រហារភេរវកម្ម» ដែលធ្វើឡើងដោយ «ជនជ្រុលនិយមម្នាក់»។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១។

ជនជ្រុលនិយមរូបនោះ គឺជាបុរសម្នាក់ ដែលត្រូវបានប៉ូលិសបាញ់សម្លាប់នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបានធ្វើសកម្មភាពចាក់មនុស្ស ឲ្យរងរបួសជាច្រើននាក់ នៅផ្សារទំនើបខាងលើ។ អ្នកនាំពាក្យសេវាកម្មរថយន្តសង្គ្រោះ លោក សេន ចន (St Johns) បានរាយការណ៍ថា យ៉ាងហោចណាស់មនុស្ស ០៦នាក់បានរងរបួស ក្នុងនោះមាន ០៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។

លោកស្រី Jacinda Ardern បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មានមួយ នៅទីក្រុងវែលីងតោនថា «ជនជ្រុលនិយមដ៏ឃោរឃៅម្នាក់ បានធ្វើការវាយប្រហារភេរវកម្ម ទៅលើជនជាតិនូវែលសេឡង់ស្លូតត្រង់ នៅផ្សារទំនើប New Lynn ដែលស្ថិតក្នុងទីក្រុង Auckland។ នេះគឺជាការវាយប្រហារដោយហឹង្សា ហើយខ្ញុំសុំទោសដែលវាបានកើតឡើង។ ប៉ូលិសក៏បានបាញ់សម្លាប់ជនល្មើស ក្នុងរយៈពេលប្រហែល ០១នាទីប៉ុណ្ណោះ ក្រោយការវាយប្រហារកើតឡើង»

គួរបញ្ជាក់ថា បើតាមលោកស្រី Jacinda Ardern អ្នកវាយប្រហារ គឺជាជនជាតិស្រីលង្កា ដែលបានមកដល់ប្រទេសនូវែលសេឡង់ ក្នុងឆ្នាំ២០១១ ហើយត្រូវបានប៉ូលិសនូវែលសេឡង់តាមដានយ៉ាងដិតដល់តាំងពីឆ្នាំ២០១៦ ចំពោះមនោគមវិជ្ជានៃក្រុមភេរវករ ISIS របស់ជននោះ។ ទោះយ៉ាងណា គេមិនទាន់ដឹងទេថា បុរសរូបនោះមានសញ្ជាតិនូវែលសេឡង់ដែរ ឬយ៉ាងណានោះទេ៕