(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ បណ្តាញព័ត៌មានអាមេរិក CNN បានរាយការណ៍ថា មន្ទីរពេទ្យជាច្រើននៅសហរដ្ឋអាមេរិក កំពុងប្រឈមមុខជាមួយ បញ្ហាខ្វះឧស្ម័នអុកស៉ីសែនប្រើប្រាស់ សម្រាប់អ្នកជំងឺ COVID-19។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃសុក្រ ទី០៣ ខែកញ្ញា ឆ្នាំ២០២១។

ទន្ទឹមគ្នា គំរូនៃការព្យាករថ្មីៗនេះ របស់សាកលវិទ្យាល័យវ៉ាស៉ីនតោន បានបង្ហាញថា មនុស្ស១០០,០០០នាក់ទៀត អាចនឹងបាត់បង់ជីវិត ដោយសារ COVID-19 គិតត្រឹមខែធ្នូ ឆ្នាំ២០២១នេះ។ អ្នកជំនាញជាន់ខ្ពស់ផ្នែកជំងឺឆ្លងអាមេរិក លោក អាន់តូនី ហ្វូស៉ី (Anthony Fauci) បាននិយាយថា ការព្យាករនេះពិតជាគួរឲ្យតក់ស្លុត ប៉ុន្តែវាអាចទប់ស្កាត់បាន ប្រសិនបើប្រជាជនអាមេរិកបន្ថែមទៀត នាំគ្នាចាក់វ៉ាក់សាំង ។

គួរបញ្ជាក់ថា មកទល់ពេលនេះ ជាង៥៣ភាគរយនៃប្រជាជនសរុបអាមេរិក៣៣២លាននាក់ បានទទួលការចាក់វ៉ាក់សាំងគ្រប់ដូស។ សម្រាប់ស្ថានការណ៍ COVID-19 បច្ចុប្បន្ននៅសហរដ្ឋអាមេរិក គឺវីរុសបំប្លែងខ្លួន Delta បាននិងកំពុងធ្វើឲ្យអាមេរិក មើលឃើញករណីឆ្លង និងស្លាប់ច្រើនជាងគេបំផុតលើលោកឡើងវិញ ដោយអត្រាឆ្លងបានឈានចូលដល់ ខ្ទង់រាប់សែននាក់ក្នុងមួយថ្ងៃៗ និងអត្រាស្លាប់វិញ ក៏ឈានចូលដល់ខ្ទង់រាប់នាក់ដូចគ្នា៕