(កាប៊ុល)៖ សេវាកម្មអាកាសចរណ៍មនុស្សធម៌ នៃអង្គការសហប្រជាជាតិ (UNHAS) ដែលធ្វើប្រតិបត្តិការដោយកម្មវិធីស្បៀងអាហារពិភពលោក (WFP) បាននិងកំពុង ចាប់ផ្ដើមជើងហោះហើររបស់ខ្លួនឡើងវិញហើយ ដើម្បីអាចឱ្យអង្គការមនុស្សធម៌ចំនួន ១៦០ អាចនឹងបន្តធ្វើប្រតិបត្តិការមនុស្សធម៌របស់ពួកគេ នៅតាមខេត្តនានា ក្នុងប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CGTN នៅរសៀលថ្ងៃសុក្រ ទី០៣ ខែសីហា ឆ្នាំ២០២១។

បើតាមអ្នកនាំពាក្យប្រមុខ UN លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) គឺលោក ស្ទេហ្វាន ឌូចារិច (Stephane Dujarric) សេវាកម្មអាកាសចរណ៍មនុស្សធម៌ (UNHAS) កំពុងតភ្ជាប់ពីរដ្ឋធានី អ៉ីស្លាម៉ាបាដ នៃប្រទេសប៉ាគីស្ថាន ទៅកាន់ទីក្រុង ម៉ាហ្សា អាយ ហ្សារីហ្វ (Mazar-i-Sharif) និងទីក្រុង កាន់ដាហារ (Kandahar) ប្រទេសអាហ្វហ្កានីស្ថាន ខណៈជើងហោះហើរចំនួន ០៣ បានដំណើរការទៅកាន់ទីក្រុង Mazar-i-Sharif ចាប់តាំងពីថ្ងៃទី២៩ ខែសីហាមក។

គួរបញ្ជាក់ថា ប្រជាជនអាហ្វហ្គានីស្ថានរាប់លាននាក់ អាចប្រឈមមុខនឹងភាពអត់ឃ្លានភ្លាមៗ ដោយសារតែបញ្ហាធំៗជាច្រើនកើតឡើងព្រមៗគ្នា នោះគឺជម្លោះប្រដាប់អាវុធ គ្រោះរាំងស្ងួត និងជំងឺឆ្លងរាតត្បាត COVID-19។ អង្គការ WFP បានអំពាវនាវជាបន្ទាន់នូវទឹកប្រាក់ចំនួន ២០០លានដុល្លារអាមេរិក ជាមួយនិងការព្រមានថា ការផ្គត់ផ្គង់ស្បៀងអាហាររបស់អង្គការនេះ នឹងត្រូវឈានដល់ទីបញ្ចប់នៅត្រឹមខែតុលា ឆ្នាំ២០២១ ស្របពេលរដូវរងានឹងឈានចូលមកដល់ នៅប្រទេសអាហ្វហ្គានីស្ថាន ដែលនឹងធ្វើឲ្យស្ថានការណ៍កាន់តែយ៉ាបយ៉ឺន៕