(កាប៊ុល)៖ ក្រុមតាលីបង់បានឡោមព័ទ្ធខេត្តមួយចុងក្រោយ ដែលនៅប្រឆាំងតទល់នឹងខ្លួន ហើយក៏បានអំពាវនាវឲ្យមានការចរចាគ្នាផងដែរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CGTN នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១។

ខេត្ត ផាន់ហ្សៀរ (Panjshir) គឺជាខេត្តតែមួយគត់ ក្នុងចំណោមខេត្តទាំង ៣៤ នៃប្រទេសអាហ្វហ្គានីស្ថាន ដែលរហូតមកទល់បច្ចុប្បន្ន នៅតែមិនទាន់ស្ថិតក្រោម ការគ្រប់គ្រងរបស់ក្រុមតាលីបង់នៅឡើយទេ បើទោះបីជាទីក្រុងធំៗ រួមទាំងរដ្ឋធានីកាប៊ុល បានធ្លាក់ចូលក្នុងកណ្តាប់ដៃតាលីបង់ ជាបន្តបន្ទាប់ក៏ដោយ។

ក្នុងការថ្លែងសារមួយផ្ញើទៅកាន់ប្រជាជនអាហ្វហ្គានីស្ថាន នៅខេត្ត Panjshir មេដឹកនាំជាន់ខ្ពស់មួយរូបនៃក្រុមតាលីបង់ លោក អាមៀ ខាន់ មូតតាគី (Amir Khan Muttaqi) បានអំពាវនាវឲ្យក្រុមប្រឆាំងខ្លួន ដែលមានមូលដ្ឋាននៅទីនោះ នាំគ្នាទម្លាក់អាវុធចុះ ហើយចរចាគ្នាដោយសន្តិវិធី។ បើតាមលោក Amir Khan Muttaqi កងកម្លាំងតាលីបង់កំពុងត្រៀមលក្ខណៈ នៅគ្រប់ទិសទីជុំវិញខេត្ត Panjshir ប៉ុន្តែលោកបានលើកឡើងថា វាមិនចាំបាច់ត្រូវបង្ហូរឈាមគ្នានោះទេ។

គួរបញ្ជាក់ថា ចាប់តាំងពីដើមសប្តាហ៍នេះ ក៏មានសេចក្តីរាយការណ៍ អំពីការប៉ះទង្គិចគ្នាមួយចំនួន រវាងក្រុមតាលីបង់ និងក្រុមអ្នកប្រយុទ្ធរបស់ខេត្ត Panjshir ផងដែរ។ លោក Ahmad Masoud ដែលជាកូនប្រុសអតីតមេដឹកនាំក្រុមប្រឆាំងតាលីបង់ និងជាមេដឹកនាំបច្ចុប្បន្នរបស់ក្រុមនេះ ត្រូវគេរាយការណ៍ថា ធ្លាប់បង្ហាញពីចេតនាបើកចំហទទួលយក ការចរចាដោយសន្តិវិធីជាមួយតាលីបង់ ប៉ុន្តែទន្ទឹមគ្នាលោកបានបញ្ជាក់ថា កងកម្លាំងរបស់លោកកំពុងត្រៀមខ្លួនជានិច្ច ដើម្បីក្រោកឈរប្រយុទ្ធ ប្រសិនបើការចរចាមិនកើតឡើង៕