(កាប៊ុល)៖ ក្រុមតាលីបង់នៅថ្ងៃពុធសប្ដាហ៍នេះ បានបញ្ចេញបរិក្ខាយោធាមួយចំនួនរបស់សហរដ្ឋអាមេរិក ដែលពួកគេបានរឹបអូស នៅពេលឡើងកាន់អំណាចសាជាថ្មី នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងចំណោមបរិក្ខាយោធាដែលក្រុមតាលីបង់បានបង្ហាញ រួមមានឧទ្ធម្ភាគចក្រអាមេរិកធុន Black Hawk ដែលបានហោះពីលើទីក្រុង Kandahar កាលពីប៉ុន្មានថ្ងៃមុននេះ ខណៈមានការសន្និដ្ឋានថា ពីឡុតបើកឧទ្ធម្ភាគចក្រនេះជាអតីតទាហានអាហ្វហ្កានីស្ថាន ដោយសារតែក្រុមតាលីបង់ខ្វះខាតពីឡុត។

គួរបញ្ជាក់ថា ក្រោយឡើងគ្រប់គ្រងអាហ្វហ្កានីស្ថានជាថ្មី ក្រុមតាលីបង់ត្រូវបានគេរាយការណ៍ថា បានរឹបអូសអាវុធ និងបរិក្ខយោធាអាមេរិកជាច្រើន ដែលទីក្រុងវ៉ាស៊ីនតោនផ្ដល់ឱ្យកងទ័ព នៃអតីតរដ្ឋាភិបាលអាហ្វហ្កានីស្ថាន។
ការបញ្ចេញសម្ញែងបរិក្ខាយោធាអាមេរិកខាងលើ ធ្វើឡើងកំឡុងព្យុហយាត្រាអបអរជ័យជម្នះរបស់ក្រុមតាលីបង់ នៅថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីសហរដ្ឋអាមេរិកដកកងទ័ពចេញទាំងស្រុង បិទបញ្ចប់សង្រ្គាមរុំារ៉ៃរយៈពេលជាង ២០ឆ្នាំនៅអាហ្វហ្កានីស្ថាន៕