(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,៩៥៦ករណី បន្ថែមទៀតក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៤,៦០០ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣៥៦ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២៦២នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៧,៩៣៦នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,២៣៤,៤៨៧ករណី ក្នុងនោះមានអ្នកស្លាប់ ១២,១០៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,០៥៨,៧០៤នាក់។ គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ប្រទេសថៃដែលមានប្រជាជនសរុបខ្ទង់ ៧០លាននាក់ សម្រេចបានការចាក់វ៉ាក់សាំងបង្ការ COVID-19 សរុប ៣១.៨លានដូស ក្នុងនោះប្រជាជន ៧.៧៨លាននាក់ (១១.១% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕