(ប៉េកាំង)៖ កូរ៉េខាងត្បូងនៅថ្ងៃព្រហស្បតិ៍នេះ បានបញ្ជូនអដ្ឋិធាតុទាហានចិន ១០៩នាក់ទៀត ដែលបានពលីជីវិតក្នុងសង្រ្គាមកូរ៉េ (១៩៥០- ១៩៥៣) ត្រលប់មកកាន់ ប្រទេសចិនវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១។

ពិធិប្រគល់អដ្ឋិធាតុទាហានចិន ត្រូវបានធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ នៅឯអាកាសយានដ្ឋានអន្តរជាតិ អ៊ីនឈាន់ (Incheon) ស្ថិតនៅភាគខាងលិចទីក្រុង សេអ៊ូល ប្រទេសកូរ៉េខាងត្បូង។ ពិធីប្រគល់នេះក៏មានការចូលរួមផងដែរ ពីសំណាក់ប្រតិភូចិនដឹកនាំដោយអនុរដ្ឋមន្ត្រីកិច្ចការអតីតយុទ្ធជន លោក ឆាង ចឹងកូវ (Chang Zhengguo) និងក្រុមប្រតិភូកូរ៉េខាងត្បូង ដឹកនាំដោយអនុរដ្ឋមន្ត្រីការពារជាតិ លោក ផាក ចេមីន (Park Jae-min)។

គួរបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២០ កូរ៉េខាងត្បូងបានប្រគល់អដ្ឋិធាតុទាហានចិនចំនួន ៧១៦នាក់ ដែលបានពលីក្នុងសង្រ្គាមកូរ៉េមកកាន់ប្រទេសចិនវិញ ខណៈទាហានចិនជិត ២០០,០០០នាក់ ត្រូវបានទទួលស្គាល់ថា បានពលីជីវិតនៅក្នុងសង្រ្គាមនេះ ហើយក្នុងនោះភាគច្រើនត្រូវបញ្ចុះ នៅលើទឹកដីឧបទ្វីបកូរ៉េ៕