(ស៉ីដនី)៖ ក្រុមវេជ្ជបណ្ឌិតអូស្រ្តាលីនៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១នេះបានព្រមានថា មន្ទីរពេទ្យរបស់ប្រទេសនេះមិនទាន់ត្រៀមខ្លួនរួចជាស្រេច ដើម្បីទប់ទល់នឹងផែនការបើកឡើងវិញរបស់រដ្ឋាភិបាលនោះទេ បើទោះបីជាមានអត្រាចាក់វ៉ាក់សាំងខ្ពស់ក៏ដោយ ខណៈរដ្ឋខ្លះកំពុងត្រៀមខ្លួនផ្លាស់ប្តូរពី យុទ្ធសាស្ត្រកំចាត់ជំងឺឆ្លងរាតត្បាត COVID-19 នេះទៅជាសម្របខ្លួនរស់នៅជាមួយវាវិញ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters។

សមាគមវេជ្ជសាស្ត្រអូស្រ្តាលី (AMA) បានប្រកាសថា ប្រព័ន្ធសុខាភិបាលបាននិងកំពុងស្ថិតក្នុងគ្រោះថ្នាក់ ហើយ AMA អំពាវនាវឱ្យមានការពិនិត្យមើលជាថ្មីថា តើកម្រិតបុគ្គលិកនៅក្នុងមន្ទីរពេទ្យ អាចទប់ទល់នឹងការកើនឡើង នៃករណីឆ្លងនៅពេលដែលវិធានការបិទខ្ទប់ ត្រូវបានបន្ធូរបបន្ថយដែរឬទេ។

លោក គ្រីស ម៉យ (Chris Moy) អនុប្រធាន AMA បានគូសបញ្ជាក់ប្រាប់ទូរទស្សន៍ ABC អូស្ត្រាលីថា «ប្រសិនបើអ្នកបើកឡើងវិញ ហើយអ្នកមិនបានមើល និងគិតពីសមត្ថភាពដែលយើងមាននោះទេ យើងពិតជាជួបទីបញ្ចប់នៃការដួលរលំមិនខាន ហើយជីវិតមនុស្សជាច្រើននឹងត្រូវរុញច្រាន ទៅរកភាពគ្រោះថ្នាក់»

ប្រទេសអូស្រ្តាលី កាលពីខែកក្កដាកន្លងទៅនេះ បានបង្ហាញពីផែនការ ០៤ដំណាក់កាល ដើម្បីត្រលប់ទៅរកការបើកឲ្យមានសេរីភាពវិញ នៅពេលដែលប្រទេសដីកោះដ៏ធំធេងនេះ ឈានដល់កម្រិតចាក់វ៉ាក់សាំងពី ៧០ភាគរយ ទៅ ៨០ភាគរយ នៃចំនួនប្រជាជនដែលគ្រប់អាយុចាក់វ៉ាក់សាំង។ បើតាមតួលេខឆ្នាំ២០២០កន្លងទៅនេះ ចំនួនប្រជាជានសរុបនៅអូស្ត្រាលីមានជាង ២៥លាននាក់។

បើតាមគេហទំព័រ Worldometers រហូតមកទល់ពេលនេះ ប្រទេសអូស្រ្តាលីបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេស ៥៦,៥៥៩ករណី ក្នុងនោះមានអ្នកស្លាប់ ១,០១៩នាក់ និងអ្នកជាសះស្បើយ ៣៣,៥៧១នាក់ ខណៈមានតែប្រមាណ ៣៦ភាគរយនៃប្រជាជនសរុបដែលមានអាយុលើសពី ១៦ឆ្នាំប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញ ឬពីរដូស៕