(អឺរ៉ុប)៖ បេសកកម្មចិនប្រចាំនៅសហភាពអឺរ៉ុប (EU) នៅថ្ងៃព្រហស្បតិ៍នេះ បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះរបាយការណ៍ដែលគេហៅថា «ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនយោបាយ សហភាពអឺរ៉ុប-កោះតៃវ៉ាន់» ដែលត្រូវបានអនុម័តដោយ គណៈកម្មាធិការកិច្ចការបរទេសរបស់សភាអឺរ៉ុប (AFET)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១។

អ្នកនាំពាក្យនៃបេសកកម្មចិនទៅកាន់ EU បាននិយាយថា «របាយការណ៍ខាងលើនេះ បានដើរហួសពីវិសាលភាព នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មក្រៅផ្លូវការ និងបានផ្លាស់ប្តូរវប្បធម៌រវាងសហភាពអឺរ៉ុប ជាមួយប្រទេសជាសមាជិករបស់ខ្លួន និងកោះតៃវ៉ាន់ផងដែរ ព្រមទាំងបានរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ទៅលើគោលនយោបាយចិនតែមួយ ដែលជាការកាត់បន្ថយ ការជឿទុកចិត្តគ្នាទៅវិញទៅមក លើកិច្ចសហប្រតិបត្តិការរវាងចិន និងសហភាពអឺរ៉ុបទៀតផង»។

អ្នកនាំពាក្យរូបនេះ បានជំរុញឱ្យសភាអ៊ឺរ៉ុបប្រកាន់ខ្ជាប់នូវការប្តេជ្ញាចិត្ត និងអនុវត្តទៅតាមសកម្មភាពជាក់ស្តែង ដោយសង្កត់ធ្ងន់លើគោលការណ៍ចិនតែមួយ ដែលបម្រើការជាមូលដ្ឋានគ្រឹះនយោបាយនៃការបង្កើត និងការអភិវឌ្ឍទំនាក់ទំនងការទូតរវាងចិន និងសហភាពអឺរ៉ុប។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់បន្ថែមថា «យើងសូមជំរុញឱ្យគណៈកម្មាធិការពាក់ព័ន្ធ និងសមាជិកពាក់ព័ន្ធនៃសភាអឺរ៉ុប ស្វែងយល់អំពីភាពរសើបនៃបញ្ហាកោះតៃវ៉ាន់, ព្រមទាំងកែតម្រូវពាក្យសម្តី និងសកម្មភាពខុសឆ្គងរបស់ពួកគេជាបន្ទាន់ ហើយដើរតួនាទីវិជ្ជមាន និងស្ថាបនាក្នុងការគាំទ្រដល់មូលដ្ឋានគ្រឹះនយោបាយ នៃទំនាក់ទំនងចិន-សហភាពអឺរ៉ុបវិញ៕