(កាប៊ុល)៖ អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានប្រាប់កាសែតអ៊ីតាលីថា ក្រុមរបស់លោកនឹងពឹងផ្អែកជាចម្បងលើការផ្តល់ហិរញ្ញប្បទានពីប្រទេសចិន បន្ទាប់ពីកងទ័ពបរទេសបានដកចេញពីអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Al-jazeera នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២១។

នៅក្នុងបទសម្ភាសន៍ជាមួយកាសែត La Repubblica នៅថ្ងៃព្រហស្បតិ៍នេះ លោក Mujahid បាននិយាយថា តាលីបង់នឹងតស៊ូប្រយុទ្ធដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ដោយមានជំនួយពីប្រទេសចិន។

អ្នកនាំពាក្យតាលីបង់រូបនេះបានបន្ថែមថា «ប្រទេសចិនគឺជាដៃគូដ៏សំខាន់បំផុតរបស់យើង ហើយជាឱកាសដ៏ងអស្ចារ្យសម្រាប់ពួកយើង ពីព្រោះចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីវិនិយោគ និងកសាងប្រទេសរបស់យើងឡើងវិញ»

គួរបញ្ជាក់ថា ក្រុមតាលីបង់បានដណ្តើមកាន់កាប់រដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថាននៅថ្ងៃទី១៥ ខែសីហា ដោយបានផ្តួលរំលំរដ្ឋាភិបាលដែលគាំទ្រដោយប្រទេសលោកខាងលិច និងបានបិទសង្គ្រាម២០ឆ្នាំរបស់សហរដ្ឋអាមេរិកនៅអាហ្វហ្គានីស្ថាន ចំពេលមានការភ័យខ្លាចពីការដួលរលំសេដ្ឋកិច្ច និងភាពអត់ឃ្លានកាន់តែច្រើនឡើង៕