(កាប៊ុល)៖ ក្រុមតាលីបង់បានប្រកាសស្វាគមន៍ ចំពោះការដកកងទ័ពអាមេរិកចេញទាំងស្រុង ពីប្រទេសអាហ្វហ្គានីស្ថាន ដោយយន្តហោះចុងក្រោយ ដែលមានដឹកកងទ័ពសេសសល់ បានចាកចេញពីទីក្រុងកាប៊ុល កាលពីយប់អធ្រាត្រ ជិតឈានចូលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ អ្នកនាំពាក្យក្រុមតាលីបង់លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ (Zabihullah Mujahid) បានសរសេរសារប្រកាសថា «នៅពេលនេះ ប្រទេសរបស់យើងទទួលបានសេរីភាព និងឯករាជ្យភាពពេញលេញហើយ»

នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ ក្រុមតាលីបង់បានប្រកាសថា លោក មូលឡោះ ហ៊ីបាធូលឡោះ អាខាន់ហ្សាដា (Mullah Hibatullah Akhundzada) អាយុ៦០ឆ្នាំ (មេដឹកនាំកំពូល) នឹងក្លាយជាមេដឹកនាំនៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មី។ លោក មូលឡោះ អាប់ឌុល ហ្គានី បារ៉ាដា (Mullah Abdul Ghani Baradar) មេដឹកនាំកំពូលទី២ នៃក្រុមតាលីបង់ នឹងឡើងជារដ្ឋមន្ត្រីការបរទេស ខណៈលោក មូលឡោះ យ៉ាឃូប (Mullah Yaqoob) ដែលត្រូវជាកូនប្រុសរបស់លោក Mullah Omar (ស្ថាបនិកទី១ របស់ក្រុមតាលីបង់ បានស្លាប់កាលពីឆ្នាំ២០១៥) នឹងឡើងធ្វើជារដ្ឋមន្ត្រីការពារជាតិ។ ដោយឡែកលោក ខាលីហ្វា ហាកខានី (Khalifa Haqqani) ដែលត្រូវជាកូនប្រុសមេដឹកនាំម្នាក់ទៀត របស់តាលីបង់គឺលោក ហ្សេឡាលូដឌីន ហាកខានី (Jelaluddin Haqqani) នឹងឡើងធ្វើជារដ្ឋមន្ត្រីមហាផ្ទៃ។

* ស្វែងយល់៖ តើក្រុមតាលីបង់ជានរណា?

ក្រុម «តាលីបង់» ដែលមានន័យជាភាសាអារ៉ាប់ថា «កូនសិស្ស» ត្រូវបានបង្កើតឡើងនៅឯភាគខាងត្បូង នៃប្រទេសអាហ្វហ្កានីស្ថាន ដោយបុរសម្នាក់ឈ្មោះ មុលឡោះ មហំាម៉ាត់ អ៊ូមើត (Mullah Mohammad Omar) ហើយក្រុមសកម្មប្រយុទ្ធរបស់ពួកគេត្រូវបានប្រមូលចេញពីចលនាមូចាហ៊ីឌីន (mujahedeen) ដែលជាអ្នកតស៊ូប្រយុទ្ធ ប្រឆាំងនឹងការឈ្លានពានរបស់អតីតសហភាពសូវៀត កាលពីទសវត្សរឆ្នាំ១៩៨០។

សហរដ្ឋអាមេរិកបានផ្ដល់អាវុធ និងលុយយ៉ាងច្រើនសន្ធឹកសន្ធាប់គាំទ្រដល់ចលនាមូចាហ៊ីឌីន ជាផ្នែកមួយនៃការប្រយុទ្ធប្រឆាំងនឹងសត្រូវរបស់ខ្លួនក្នុងសម័យសង្រ្គាមត្រជាក់ នោះគឺអតីតសហភាពសូវៀត។ សូវៀតនៅពេលនោះបានគាំទ្រមេដឹកនាំកុម្មុយនិស្ដអាហ្វហ្កានីស្ថាន ដែលបានដឹកនាំការធ្វើរដ្ឋប្រហារបង្ហូរឈាមទម្លាក់ប្រធានាធិបតី ដំបូងគេរបស់អាហ្វហ្កានីស្ថាន លោក មហាំម៉ាត់ ដាអ៊ូដ ខាន់ (Mohammad Daoud Khan) ចេញពីអំណាចនៅឆ្នាំ១៩៧៨។ គេត្រូវរង់ចាំរហូតដល់ឆ្នាំ១៩៨៩ ទើបចលអ្នកតស៊ូ mujahedeen ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីសហរដ្ឋអាមេរិក និងប៉ាគីស្ថានបានបណ្ដេញកងទ័ពសូវៀតចេញពីអាហ្វហ្កានីស្ថាន។

ក្រោយសូវៀតត្រូវបណ្ដេញចេញ អាហ្វហ្កានីស្ថានបានធ្លាក់ចូលក្នុងភាពចលាចល នៃសង្រ្គាមសស៊ីវិលនៅឆ្នាំ១៩៩២ ដោយពួកមេបញ្ជាការចលនា mujahedeen បានវាយប្រយុទ្ធគ្នាឯង ដើម្បីដណ្ដើមអំណាច និងបានពុះចែករដ្ឋធានីកាប៊ុលកាន់កាប់ម្ខាងម្នាក់។ ក្នុងសង្រ្គាមស៊ីវិលនេះ ចលនាថ្មីមួយនោះគឺតាលីបង់ បានលេចមុខឡើងក្រោមការដឹកនាំរបស់ មហំាម៉ាត់ អ៊ូមើត នៅឆ្នាំ១៩៩៤ ក្នុងទីក្រុង Kandahar ហើយចាប់ផ្ដើមទទួលបានការគាំទ្រ កាន់តែច្រើនពីប្រជាជនអាហ្វហ្កានីស្ថាន។

នៅឆ្នាំ១៩៩៦ ក្រុមតាលីបង់វាយដណ្ដើមកាន់កាប់រដ្ឋធានីកាប៊ុល និងបានព្យួករប្រធានាធិបតីកុម្មុយនិស្ដចុងក្រោយគេបំផុតរបស់អាហ្វហ្កានីស្ថាន លោក ណាជីប៊ុលឡោះ អះម៉ាត់ហ្សៃ (Najibullah Ahmadzai) នៅឯទីលានមួយក្នុងរដ្ឋធានីកាប៊ុល។ នៅពេលនោះមានប្រទេសតែបីប៉ុណ្ណោះ ដែលទទួលស្គាល់ក្រុមតាលីបង់ក្នុងនោះរួមមាន អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម និងប៉ាគីស្ថាន។

ក្រុមតាលីបង់ដឹកនំាប្រទេសអាហ្វហ្កានីស្ថានបានតែជាង ៦ឆ្នាំប៉ុណ្ណោះ។ ពោលគឺនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០១ សហរដ្ឋអាមេរិកក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី លោក ចច ដាប់ប៊ែល យូប៊ូស បានប្រកាសសង្រ្គាមជាមួយក្រុមតាលីបង់ បន្ទាប់ពីបដិសេធប្រគល់ និងផ្ដល់កន្លែងលាក់ខ្លួនឱ្យមេភេរវករអាល់កៃដា អូសាម៉ា ប៊ិនឡាដិន (Osama bin Laden) ដែលទីក្រុងវ៉ាស៊ីនតោនចោទថា ជាអ្នកនៅពីក្រោយការវាយប្រហារមហាភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។

សហរដ្ឋអាមេរិក និងកងទ័ពសម្ពន្ធមិត្តបានប្រើពេលតែប៉ុន្មានខែប៉ុណ្ណោះ ក្នុងការផ្ដួលរំលំរដ្ឋាភិបាលតាលីបង់ ហើយបានជួយបង្កើតរដ្ឋាភិបាលបណ្ដោះអាសន្នថ្មី ដឹកនាំដោយ អតីតប្រធានាធិបតីអាហ្វហ្កានីស្ថាន លោក ហាមីត កាហ្សៃ (Hamid Karzai) នៅខែធ្នូ ឆ្នាំ២០០១។ ប៉ុន្តែ នៅឆ្នាំ២០០៦ ក្រុមតាលីបង់បានបម្រូលផ្ដុំកម្លាំងសាជាថ្មី និង ចាប់ធ្វើសង្រ្គាមជាមួយកងកម្លាំងរដ្ឋាភិបាលទីក្រុងកាប៊ុលគាំទ្រដោយសហរដ្ឋអាមេរិក និង NATO រហូតដល់អាចឡើងកាន់អំណាចម្ដងទៀតក្នុងឆ្នាំ២០២១នេះ។ សង្រ្គាម ដែលអូសបន្លាយពេលជាង២០ឆ្នាំ បានបង្កការបំផ្លិចបំផ្លាញយ៉ាងសម្បើមអស្ចារ្យ ដោយផ្ដាច់ជីវិតជនស៊ីវិលអាហ្វហ្កានីស្ថានច្រើនជាង ៤០,០០០នាក់ រីឯសហរដ្ឋអាមេរិក បានចំណាយប្រាក់អស់ជាង ១ទ្រីលានដុល្លារនៅក្នុងសង្រ្គាមនេះ។

ខាងក្រោមនេះគឺជាឈ្មោះមេដឹកនាំសំខាន់ៗ របស់ក្រុមតាលីបង់នៅអាហ្វហ្កានីស្ថាននាពេលបច្ចុប្បន្ន៖

* ហៃបាទុលឡោះ អាឃុនហ្សាដា (Haibatullah Akhunzada)

ក្រុមតាលីបង់បានប្រកាសទទួលស្គាល់ថា មេដឹកនាំកំពូលរបស់ខ្លួន មូលឡោះ មហំាម៉ាត់ អ៊ូមើត (Mullah Mohammad Omar) បានទទួលមរណភាពកាលពីឆ្នាំ២០១៥ ក្រោយរដ្ឋាភិបាលអាហ្វហ្កានីសា្ថននៅពេលនោះអះអាងថា មហំាម៉ាត់ អ៊ូមើត ស្លាប់ដោយសារជំងឺម្យ៉ាងនៅក្នុងទីក្រុង Karachi ប្រទេសប៉ាគីស្ថាន។ ក្រុមតាលីបង់ បានតែងតាំងបុរសម្នាក់ឈ្មោះ មុលឡោះ អាក់តា មហាំម៉ាត់ ម៉ាន់សូត (Mullah Akhtar Mohammad Mansour) ជាមេដឹកនាំកំពូលថ្មីរបស់ខ្លួន។ ប៉ុន្តែលោក អាក់តា មហាំម៉ាត់ ម៉ាន់សូត ត្រូវបានយន្ដហោះដ្រូនអាមេរិកសម្លាប់នៅឯតំបន់ព្រំដែនអាហ្វហ្កានីស្ថាន និងប៉ាគីស្ថាននៅឆ្នាំ២០១៦។

ក្រោយមរណភាពរបស់មហាំម៉ាត់ ម៉ាន់សូត ក្រុមតាលីបង់បានតែងតាំងលោក ហៃបាទុលឡោះ អាឃុនហ្សាដា (Haibatullah Akhunzada) ជាមេដឹកនាំកំពូលថ្មីមកទល់ នឹងបច្ចុប្បន្ន។ ហៃបាទុលឡោះ អាឃុនហ្សាដា មានអាយុប្រហែលជា ៦០ឆ្នាំ ត្រូវបានក្រុមតាលីបង់ដាក់រហ័ស្សនាមឱ្យថា «មេដឹកនាំដ៏ស្មោះត្រង់»។ កន្លែងស្នាក់នៅ ពិតប្រាកដរបស់ អាឃុនហ្សាដា មិនត្រូវបានក្រុមតាលីបង់ទម្លាយឱ្យដឹងនោះទេ ប៉ុន្តែទីភ្នាក់ងារព័ត៌មាន Reuters និង AP ធ្លាប់បានរាយការណ៍ថា ក្រោយលាក់ខ្លួន អស់ជាច្រើនឆ្នាំលោក អាឃុនហ្សាដា ធ្លាប់ត្រូវបានគេប្រទះឃើញកំពុងបង្រៀននៅឯវិហារអ៉ីស្លាមមួយ ក្នុងទីក្រុង Kuchlak ស្ថិតនៅភាគនិរតី ប្រទេសប៉ាគីស្ថាន។

* មុលឡោះ មូហាំម៉ាត់ យ៉ាក់កូប (Mullah Mohammad Yaqoob)

មុលឡោះ មូហាំម៉ាត់ យ៉ាក់កូប គឺជាកូនប្រុសរបស់ស្ថាបនិកតាលីបង់ មុលឡោះ អ៊ូមើត (Mullah Omar)។ មូហាំម៉ាត់ យ៉ាក់កូប មានតួនាទីត្រួតពិនិត្យប្រតិបត្តិការយោធា របស់ក្រុមតាលីបង់ ហើយបើតាមប្រព័ន្ធផ្សព្វផ្សាយជាច្រើន បុរសរូបនេះដែលគេជឿជាក់មានអាយុ៣០ឆ្នាំរូបនេះកំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន។ ប៉ុន្តែនៅឆ្នាំ២០១៦ មូហាំម៉ាត់ យ៉ាក់កូប ខ្លួនឯងបានសម្រេចចិត្តគាំទ្រលោក អាឃុនហ្សាដា ដោយសារតែលោកមានអារម្មណ៍ថា មិនមានបទពិសោធន៍គ្រប់គ្រាន់ និងនៅក្មេងពេក។

* ស៊ីរ៉ាជុតឌីន ហាកកានី (Sirajuddin Haqqani)

ជាកូនប្រុសម្នាក់របស់មេបញ្ជាការចលនា mujahideen លោក ចាឡាលុតឌីន ហាកកានី (Jalaluddin Haqqani), លោក ស៊ីរ៉ាជុតឌីន ហាកកានី (Sirajuddin Haqqani) មានតួនាទីដឹកនាំបណ្ដាញ Haqqani (Haqqani Network) ដែលត្រួតពិនិត្យហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិយោធារបស់ក្រុមតាលីបង់ ដែលឆ្លងកាត់ព្រំដែន ប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន។ ស៊ីរ៉ាជុតឌីន ហាកកានី មានអាយុប្រហែលជា ៤០ ឬ ៥០ឆ្នាំ ក៏ត្រូវបានគេជឿជាក់ដែរថា ជាអ្នកដឹកនាំការវាយប្រហារបំផ្ទុះគ្រាប់បែក អត្តឃាតក្នុង ប្រទេសអាហ្វហ្កានីស្ថាន ក្នុងនោះរួមមានទាំងការប៉ុនប៉ងធ្វើឃាតអតីតប្រធានាធិបតី លោក Hamid Karzai ផងដែរ។

* មុលឡោះ អាប់ឌុល ហា្កនី បារ៉ាដា (Mullah Abdul Ghani Baradar)

មុលឡោះ អាប់ឌុល ហា្កនី បារ៉ាដា (Mullah Abdul Ghani Baradar) ដែលជាសហស្ថាបនិកក្រុមតាលីបង់ បច្ចុប្បន្នគឺជាប្រមុខដឹកនាំការិយាល័យនយោបាយរបស់ ក្រុមតាលីបង់ក្នុងទីក្រុងដូហា។ លោក បារ៉ាដា មានអាយុប្រហែលជា ៥៣ឆ្នាំ ត្រូវបានគេរាយការណ៍ថា គឺជាមនុស្សម្នាក់ដែលអតីតមេដឹកនាំកំពូលតាលីបង់ មុលឡោះ អ៊ូមើត (Mullah Omar) ទុកចិត្តជាទីបំផុត។ លោក បារ៉ាដា ធ្លាប់ត្រូវបានកងកម្លាំងសន្តិសុខប៉ាគីស្ថានក្នុងទីក្រុង Karachi ចាប់ខ្លួនកាលពីឆ្នាំ២០១០ ហើយដោះលែងវិញ នៅឆ្នាំ២០១៨។ Baradar ក៏ធ្លាប់បានជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Pompeo និងរដ្ឋមន្រ្តីការបរទេសចិន វ៉ាង យី ផងដែរ។

* ស៊ែរ មូហាំម៉ាត់ អាប់បាស់ ស្តានីកហ្សៃ (Sher Mohammad Abbas Stanikzai)

មូហាំម៉ាត់ អាប់បាស់ ស្តានីកហ្សៃ គឺជាអនុរដ្ឋមន្ត្រីម្នាក់នៃអតីតរដ្ឋាភិបាលតាលីបង់ ហើយលោកធ្លាប់បានរស់នៅក្នុងទីក្រុងដូហា ប្រទេសកាតា រាប់សិបឆ្នាំ។ លោក ស្តានីកហ្សៃ បានក្លាយជាប្រមុខការិយាល័យនយោបាយ របស់ក្រុមតាលីបង់កាលពីឆ្នាំ២០១៥ ព្រមទាំងធ្លាប់ធ្វើជាអ្នកតំណាងក្រុមតាលីបង់ ក្នុងការធ្វើទស្សនកិច្ចការទូត ទៅកាន់ប្រទេសជាច្រើនផងដែរ។

* អាប់ឌុល ហាគីម ហាកកានី (Abdul Hakim Haqqani)

អាប់ឌុល ហាគីម ហាកកានី គឺជាប្រធានក្រុមចរចារបស់ក្រុមតាលីបង់ និងដឹកនាំក្រុមប្រឹក្សាបញ្ញវត្តសាសនាដ៏មានឥទ្ធិពល។ ហាគីម ហាកកានី ត្រូវបានគេជឿជាក់ថាជា មនុស្សម្នាក់ដែលលោក អាឃុនហ្សាដា ទុកចិត្តបំផុត៕