(តូក្យូ)៖ ក្រសួងការពារជាតិជប៉ុនកាលពីថ្ងៃអង្គារបានស្នើសុំកញ្ចប់ថវិកាចំនួន៥.៤ទ្រីលានយ៉េន ឬប្រហាក់ប្រហែលស្មើនឹង៤៩ពាន់លានដុល្លារ សម្រាប់ឆ្នាំការចំណាយលើវិស័យយោធាឆ្នាំ២០២២។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានជប៉ុន Asia Nikkei នៅថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១។

ការបង្កើនកញ្ចប់ថវិកានេះធ្វើឡើង ក្នុងគោលបំណងជារួមដើម្បីពង្រឹងសមត្ថភាពយោធារបស់ខ្លួន នៅក្នុងវិស័យដទៃទៀត ក៏ដូចជាការអភិវឌ្ឍបច្ចេកវិទ្យាថ្មីៗ ដើម្បីឆ្លើយតបទៅនឹងវត្តមានយោធារបស់ចិនក្នុងតំបន់ ដែលកំពុងលេចត្រដែតឡើងយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

គួរបញ្ជាក់ថា សំណើនេះនឹងកើនលើសចំនួនកំណត់ត្រា៥.៣ទ្រីលានយ៉េន ដែលបានបម្រុងទុកសម្រាប់ការចំណាយក្នុងឆ្នាំ២០២១ ដែលបានកើនឡើង១០ឆ្នាំជាប់គ្នា។ ទាំងនេះគឺមិនបានរាប់បញ្ចូលការចំណាយលើមូលដ្ឋានយោធាអាមេរិក ដែលត្រូវចំណាយប្រហែល ២០០ពាន់លានយ៉េនជារៀងរាល់ឆ្នាំនោះផងទេ៕