(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃអង្គារ ទី៣១ ខែសីហានេះបានចេញមុខការពារយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់លោក ក្នុងការដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន។ លោក បៃដិន បានហៅការសម្រេចចិត្តរបស់លោកផ្ទាល់ថាជា «ជម្រើសដ៏ឆ្លាតវៃ និងល្អបំផុត» សម្រាប់អាមេរិក ដ្បិតដល់ពេលហើយដែលអាមេរិកត្រូវតែបញ្ចប់ការចូលរួមក្នុងសង្រ្គាមរុំារ៉ៃដូចជាសង្រ្គាមអាហ្វហ្កានីស្ថាន។

ចាប់តាំងពីឆ្នាំ២០០១ សហរដ្ឋអាមេរិក និង NATO រួមទាំងប្រទេសជាដៃគូបានលូកដៃចូលក្នុងសង្រ្គាមអាហ្វហ្កានីស្ថាន ដោយពួកគេបានពលីជីវិតកងទ័ពច្រើនជាង ៣,៥០០នាក់់។ ដូច្នេះសង្រ្គាម ២០ឆ្នាំនៅអាហ្វហ្កានីស្ថាន មិនមែនជាសង្រ្គាមរបស់សហរដ្ឋអាមេរិកតែម្នាក់ឯងនោះទេ តែវាក៏ជាសង្រ្គាមរបស់បក្សសម្ព័ន្ធយោធា NATO ផងដែរ។ ភាពចលាចល និងការដួលរលំរដ្ឋាភិបាលអាហ្វហ្កានីស្ថានក្រោមដៃក្រុមតាលីបង់ ដែលបង្កឡើងដោយការដកកងទ័ពយ៉ាងតក់ក្រហល់របស់
លោក ចូ បៃដិន បាន និងកំពុងបង្កឱ្យមានការចោទសួរពីអនាគតនៃទំនាក់ទំនងរវាង NATO-អាមេរិក នឹងទៅជាយ៉ាងណា? ហើយថាតើការដួលរលំអាហ្វហ្កានីស្ថាន នឹងបំផ្លាញដល់ភាពជាមេដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិក ឬក៏តំណែងជាបងធំរបស់ NATO ដែរ ឬទេ?

*ចូលទាំងអស់គ្នា, ចេញវិញទាំងអស់គ្នា

នៅពេលប្រធានាធិបតីអាមេរិក លោក ចូ បៃដិនប្រកាសកាលពីខែមេសា ឆ្នាំ២០២១នេះពីផែនការដកកងទ័ពចេញពីអាហ្វហ្កានីស្ថានឱ្យបានមុនថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ ហើយក្រោយមកបែរជាប្ដូរចិត្តដកឱ្យបានមុនថ្ងៃទី៣១ ខែសីហានេះវិញ វាបានធ្វើឱ្យប្រទេសអឺរ៉ុបជាច្រើនមានអារម្មណ៍ថាផែនការនេះត្រូវបានសម្រេច រួចទៅហើយ ហើយពួកគេមានតែត្រូវធ្វើតាមអាមេរិកតែប៉ុណ្ណោះ។ ពិតមែនទៅ ការសម្រេចចិត្តដកកងទ័ពអាមេរិកចេញពីអាហ្វហ្កានីស្ថាន ត្រូវបានត្រួសត្រាយផ្លូវ ដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលបានបញ្ជូនមន្ត្រីរបស់លោកឱ្យទៅជួបចរចាជាមួយក្រុមតាលីបង់ ក្នុងទីក្រុងដូហា ប្រទេសកាតា
ជាច្រើនលើក រហូតដល់សម្រេចបានកិច្ចព្រមព្រៀងសន្តិភាព។

លោក ត្រាំ មិនបានពិគ្រោះយោបល់ដិតដល់ជាមួយសម្ព័ន្ធមិត្ត NATO នោះទេ ដោយគ្រាន់តែជូនដំណឹងពីការសម្រេចចិត្តនេះតែប៉ុណ្ណោះដែលនេះបានបំផ្លាញដល់ គោលការណ៍ «ចូលទាំងអស់គ្នា ចេញវិញទាំងអស់គ្នា» របស់ NATO ហើយបានធ្វើឱ្យអឺរ៉ុប គ្មានជម្រើសអ្វីផ្សេងក្រៅតែពីចាកចេញតាមសហរដ្ឋអាមេរិក។ បណ្ដា ប្រទេសអឺរ៉ុបមានការព្រួយបារម្ភជាខ្លាំងចំពោះការដកកងទ័ពយ៉ាងកត់ក្រហល់ចេញពីអាហ្វហ្កានីស្ថាន ដោយពួកគេខ្លាចក្រែងថាវាអាចនឹងបង្កអស្ថិរភាព និងផល ប៉ះពាល់ដោយផ្ទាល់ដល់ផលប្រយោជន៍សន្តិសុខជាតិ ជាពិសេសបញ្ហាជនភៀសខ្លួន រួមទាំងភេរវកម្មតែម្ដង។ តែទាំងលោក ត្រាំ និងលោក បៃដិន នៅតែ «តម្កល់ផលប្រយោជន៍អាមេរិកមុនគេ» ជុំវិញការដកកងទ័ពចេញពីអាហ្វហ្កានីស្ថានដែលត្រូវបានគេមើលឃើញថាធ្វើឡើងក្រោមហេតុផលនយោបាយនៅក្នុងស្រុក ជាជាងស្ថានភាពជាក់ស្ដែង។

*ខឹង, អន់ចិត្ត តែមិនអាចអត់សហរដ្ឋអាមេរិក

ភាពចលាចល និងការដួលរលំរបស់រដ្ឋាភិបាលអាហ្វហ្កានីស្ថានក្រោយការដកងទ័ពយ៉ាងតក់ក្រហល់របស់សហរដ្ឋអាមេរិក បង្កឱ្យមានការជជែកដេញដោលយ៉ាង ផុលផុសនៅក្នុងចំណោមប្រទេសអឺរ៉ុប ពីផលប៉ះពាល់ដល់ទំនុកចិត្តលើ NATO និងសហរដ្ឋអាមេរិក។ អ្នកខ្លះយល់ថាការដួលរលំរបស់អាហ្វហ្កានីស្ថាននឹងបំផ្លាញ អនាគត NATO រីឯអ្នកខ្លះទៀតយល់ថាវាអាចនឹងបិទបញ្ចប់តួនាទីនៃភាពជាមេដឹកនាំពិភពលោករបស់សហរដ្ឋអាមេរិក។ ប៉ុន្តែ វាហាក់ដូចជាលឿនពេកចំពោះការគិត បែបនេះ ពីព្រោះថាអ្វីដែលកំពុងកើតឡើងប្រហែលជានឹងមិនអាចបំផ្លាញបាននោះឡើយនូវសម្ព័ន្ធភាព NATO ដែលមានគ្រឹះយ៉ាងរឹងមាំ ឈរលើមាត្រា ៥ របស់ NATO។ មាត្រា ៥ នេះគឺជានិយាយពី «ការការពារជាសមូហភាព ឬ Collective defence» ដែលបានចែងថាការវាយប្រហារលើប្រទេសជាសមាជិកណាមួយ គឺជាការវាយប្រហារលើ NATO ទាំងមូលដែលតម្រូវ NATO ត្រូវតែចាត់វិធានការឆ្លើយតប។

ផ្អែកលើ «ការការពារជាសមូហភាព» នេះ ទោះជាអន់ចិត្ត ឬខឹងនឹងសហរដ្ឋអាមេរិកក៏ដោយ ក៏ប្រទេសអឺរ៉ុបនៅតែមើលឃើញផលប្រយោជន៍ពីមាត្រា ៥ របស់ NATO ដោយពួកគេត្រូវការសហរដ្ឋអាមេរិក ដើម្បីដោះស្រាយបញ្ហាជាច្រើនក្នុងនោះមានទាំងការប្រឈមមុខជាមួយចិន, រុស្ស៊ី, ការងើបឡើងវិញពីវិបត្តិ COVID-19 និងការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម រួមទាំងការប្រែប្រួលអាកាធាតុជាដើម។

*តើដល់ពេលអឺរ៉ុបត្រូវរួបរួមគ្នា ឬ?

ការគាំទ្រឱ្យអឺរ៉ុបមានស្វ័យភាពលើសន្តិសុខ និងសមត្ថភាពការពារជាតិដោយខ្លួនឯង មានការកើនឡើងនៅក្នុងចំណោមប្រទេសអឺរ៉ុប។ ជាក់ស្ដែងការស្ទង់មតិមួយ ក្រោយលោក ចូ បៃដិន ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកបានបង្ហាញថា យ៉ាងហោច ៦០ភាគរយនៃអ្នកដែលត្រូវបានសម្ភាសន៍នៅក្នុងតំបន់អឺរ៉ុប ជឿថាអឺរ៉ុបមិនអាច បន្តពឹងផ្អែកទាំងស្រុងលើសហរដ្ឋអាមេរិកដើម្បីការពារសន្តិសុខជាតិខ្លួនឯងទៀតនោះទេ។ គេចាំបានថានៅក្រោមអាណត្តិលោក ត្រាំ «គំនិតបង្កើតទ័ពអឺរ៉ុប» ក៏ធ្លាប់ ត្រូវបានលើកឡើងផងដែរដោយប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង ហើយបូករួមទាំងវិបត្តិអាហ្វហ្កានីស្ថានវាអាចនឹងជំរុញឱ្យអឺរ៉ុបកាន់តែចង់បាន ការធ្វើសកម្មភាព ឬធ្វើការសម្រេចចិត្តដោយឯករាជ្យច្រើនជាងមុន។

ប៉ុន្តែ អឺរ៉ុបខ្លួនឯងនៅមានផ្លូវដ៏វែងឆ្ងាយដើម្បីដើរដល់ចំណុចនេះ ខណៈការដួលរលំរបស់អាហ្វហ្កានីស្ថានអាចនឹងក្លាយជាឱកាសមួយក្នុងការស្ដារឡើងវិញ នូវទំនាក់ទំនងរវាងអង់គ្លេស និងសហភាពអឺរ៉ុប ក្រោយតានតឹងនឹងគ្នាអស់ជាច្រើនឆ្នាំដោយសារ Brexit។

គួរបញ្ជាក់ថា ទោះជាវិបត្តិនៅអាហ្វហ្កានីស្ថាន ប្រហែលជានឹងមិនបំផ្លាញដល់សម្ព័ន្ធភាព NATO ឬភាពជាមេដឹកនាំរបស់អាមេរិកក៏ដោយ តែចង់ ឬមិនចង់ វិបត្តិមួយ នេះនឹងបង្ហាញប្រាប់អឺរ៉ុបថា ពាក្យ «America is back» ដែលចេញពីមាត់លោក ចូ បៃដិនមិនទាន់គ្រប់នោះទេ ហើយអំណេះតទៅបណ្ដាប្រទេសអឺរ៉ុបអាចនឹងអនុវត្ត
គោលនយោបាយ ឬធ្វើការសម្រេចចិត្តណាមួយដោយប្រុងប្រយ័ត្នជាងមុន ជាពិសេសនៅពេលដែលបេសកកម្មរបស់ពួកគេត្រូវពឹងផ្អែកលើសហរដ្ឋអាមេរិក៕

ប្រភព៖ CSIS (ថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១)