(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះបានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ រហូតដល់ ១១,៤៣៤ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើ មាន០៥ករណីជាករណីនាំចូល ក្រៅពីនោះជាករណីឆ្លងក្នុងស្រុកទាំងអស់ ខណៈទីក្រុងហូជីមិញដែលជាចំណុចកណ្តាល នៃការផ្ទុះរីករាលនៃជំងឺនេះបានរ៉ាប់រងករណីឆ្លងថ្មីតែឯងរហូតដល់ ៥,៣៦៨នាក់។

ក្នុងរបាយការណ៍ថ្ងៃពុធនេះក្រសួងសុខាភិបាលវៀតណាមក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺដ៏កាចសាហាវនេះទេចំនួន៨០៤នាក់បន្ថែមទៀត ដោយរាប់បញ្ចូលករណីស្លាប់កាលពីម្សិលមិញ ដែលមិនទាន់បានរាយការណ៍ផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១នេះ វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ៤៧៣,៥៣០នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ២៤៨,៧២២នាក់ ចំណែកចំនួនអ្នកស្លាប់សរុបនៅត្រឹម ១១,៨៦៨នាក់ដដែល៕