(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) កំពុងអំពាវនាវដល់ប្រទេសអ្នកមានៗ ឱ្យពន្លឿនការចែកចាយវ៉ាក់សាំងបង្ការជំងឺ COVID-19 ទៅកាន់ប្រទេសដែលមានប្រាក់ចំណូលទាប និងមធ្យមចំនួន ៩២ប្រទេស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CGTN នៅល្ងាចថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១។

អតីតសហប្រធាននៃក្រុមប្រឹក្សាឯករាជ្យ របស់អង្គការសុខភាពពិភពលោក ស្តីពីការគ្រប់គ្រង បង្ការ និងឆ្លើយតបជាមួយជំងឺឆ្លងរាតត្បាត (IPPPR) និងជាអតីតប្រធានាធិបតីលីបេរីយ៉ា លោកស្រី អ៊ែលលែន ចនសុន សឺលីហ្វ (Ellen Johnson Sirleaf) និងលោកស្រី ហេលែន ក្លាក (Helen Clark) អតីតនាយករដ្ឋមន្រ្តីនូវែលសេឡង់ ធ្លាប់បានអំពាវនាវឱ្យមានការចែកចាយវ៉ាក់សាំងចំនួន «១ពាន់លានដូស» នៅក្នុងថ្ងៃទី០១ ខែកញ្ញានេះតែម្តង ជាមួយនឹង «០១ពាន់លានដូស» បន្ថែមទៀតនៅពាក់កណ្តាលឆ្នាំ២០២២ខាងមុខ។

ប៉ុន្តែនៅថ្ងៃទី០១ ខែកញ្ញានេះ ពួកគេបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះប្រទេសអ្នកមានទាំងឡាយ ដែលមិនបានចែកចាយវ៉ាក់សាំងរបស់ពួកគេ ឱ្យបានលឿនរហ័សទៅតាមពេលកំណត់។ បើតាមទិន្នន័យដែលប្រមូលបានដោយគេហទំព័រ Our World in Data (OWID) រហូតមកដល់ពេលនេះ វ៉ាក់សាំងចំនួន ៥.២៩ពាន់លានដូសត្រូវបានចាក់ជូនដល់ប្រជាជន នៅទូទាំងពិភពលោកហើយ ក្នុងនោះ ៣៩.៥% នៃប្រជាជនសរុបនៅទូទាំងពិភពលោក បានទទួលការចាក់យ៉ាងហោចណាស់ ០១ដូស។

ទោះជាយ៉ាងនេះក្តី វ៉ាក់សាំងទាំងអស់ខាងលើត្រូវបានគេមើលឃើញថា មិនត្រូវបានចែកចាយដោយស្មើភាពនោះទេ ដោយនៅក្នុងប្រទេសដែលមានប្រាក់ចំណូលទាបមួយចំនួន មានតែ ១.៧% នៃប្រជាជនសរុបរបស់ពួកគេប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់សាំងយ៉ាងហោចណាស់ ០១ដូស៕