(កាប៊ុល)៖ អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ (Zabihullah Mujahid) បានប្រាប់ក្នុងកិច្ចសម្ភាសន៍ផ្តាច់មុខ ជាមួយសារព័ត៌មានចិន CGTN ថា ក្រុមដែលកំពុងគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាននេះ ទន្ទឹងរង់ចាំជានិច្ចក្នុងការកសាង ទំនាក់ទំនងប្រកបដោយភាពរឹងមាំ ជាមួយប្រទេសចិន។ នេះបើតាមការដកស្រង់ព័ត៌មាន នៅល្ងាចថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១។

លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ដែលត្រូវបានធ្វើឡើង កាលពីថ្ងៃអង្គារសប្តាហ៍នេះថា «ចិនពិតជាសំខាន់ខ្លាំងណាស់ និងជាប្រទេសដ៏ខ្លាំងក្លាមួយ ស្ថិតនៅជិតខាងរបស់យើង... យើងធ្លាប់មានទំនាក់ទំនងដ៏វិជ្ជមាន និងល្អប្រសើរជាមួយចិន កាលពីអតីតកាល។ យើងចង់ធ្វើឲ្យទំនាក់ទំនងទាំងនេះ កាន់តែរឹងមាំឡើង ហើយក៏ចង់ឲ្យការទុកចិត្តគ្នាទៅវិញទៅមក ឈានដល់កម្រិតថ្មីមួយទៀតដែរ»

អ្នកនាំពាក្យតាលីបង់ខាងលើនេះបានបន្តទៀតថា «ចិនគឺជាប្រទេស ដែលមានការរីកចំរើនយ៉ាងឆាប់រហ័ស ដែលជួយគាំទ្រអាហ្វហ្គានីស្ថានលើវិស័យសេដ្ឋកិច្ច... យើងសង្ឃឹមថា នឹងមានការវិនិយោគ ព្រមទាំងនាំចេញទៅចិន។ យើងចង់ឲ្យចិនជួយដល់ការអភិវឌ្ឍ និងបង្កើតទំនាក់ទំនងល្អប្រសើរជាមួយយើង»។ ដោយឡែកក្រសួងការបរទេសចិន ក៏ធ្លាប់បានលើកឡើងជុំវិញទំនាក់ទំនងនេះផងដែរថា ចិនតែងតែស្វាគមន៍ជានិច្ច ចំពោះមិត្តជិតខាងដូចជាអាហ្វហ្គានីស្ថាន និងបោះជំហាននយោបាយ ប្រកបដោយលក្ខណៈមិត្តភាព ចំពោះប្រជាជនអាហ្វហ្គានីស្ថានផងដែរ៕