(ប៉េកាំង)៖ នាពេលថ្មីៗកន្លងទៅនេះ ស្ថាប័នស៊ើបការណ៍អាមេរិកបានប្រឌិតអ្វីដែលពួកគេហៅថា របាយការណ៍សិក្សាស្រាវជ្រាវស្តីពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ដោយមួលបង្កាច់ប្រទេសចិនថាបាន «រារាំងដល់ការស៊ើបអង្កេតអន្តរជាតិពាក់ព័ន្ធ» ហើយទាមទារឱ្យសហគមន៍អន្តរជាតិ «ដាក់សម្ពាធនយោបាយ» ទៅលើប្រទេសចិន។ ទង្វើដែលផ្សព្វផ្សាយយ៉ាងកម្រោលនូវ វីរុសនយោបាយ» បែបនេះបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ កិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹង ជំងឺឆ្លងជាសកលនិងការសិក្សាស្រាវជ្រាវ អំពីការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ។

ក្នុងនាមជាប្រទេសជាប់លេខមួយ ខាងទទួលបរាជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល និងប្រទេសជាប់លេខមួយ ខាងការរីករាលដាលនៃជំងឺឆ្លងជាសកល តើអាមេរិកមានលក្ខណសម្បត្តិអីមកតំណាងឱ្យសហគមន៍អន្តរជាតិ?

នាពេលថ្មីៗកន្លងទៅនេះ ប្រទេសជាង៨០ បានឆ្លងតាមរយៈរបៀបជាច្រើនដូចជា ការផ្ញើសារលិខិតជូនអគ្គនាយកអង្គការសុខភាពពិភពលោក ការចេញផ្សាយសេចក្តីថ្លែងការណ៍ ឬការផ្ញើកំណត់ទូតជាដើម ដើម្បីប្រឆាំងការធ្វើឱ្យបញ្ហាតាមដានរកប្រភពដើមនៃវីរុស ក្លាយជាបញ្ហានយោបាយនិងទាមទារឱ្យគាំពារការសន្និដ្ឋាន ដែលទទួលបានក្នុងការតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ ដំណាក់កាលទី១។

ជាងនេះទៅទៀត បក្សនយោបាយ អង្គការសង្គមស៊ីវិលនិងធនាគារគំនិតចំនួនជាង៣០០ នៃប្រទេសនិងតំបន់ជាង ១០០ លើពិភពលោកបានប្រគល់ «សេចក្តីថ្លែងការណ៍រួម» ដែលប្រឆាំងការធ្វើឱ្យបញ្ហាតាមដានរកប្រភពដើមនៃវីរុស ក្លាយជាបញ្ហានយោបាយជូនលេខាធិការដ្ឋាននៃអង្គការសុខភាពពិភពលោក។ នេះទើបជាមតិឯកភាពរួមរបស់សហគមន៍អន្តរជាតិ។ បណ្តាប្រទេសនានានៅលើពិភពលោក ក្នុងនោះក៏បូករួមទាំងប្រទេសជាសម្ពន្ធមិត្តរបស់អាមេរិកផងដែរ សុទ្ធតែសម្គាល់ឃើញថា ខណៈពេលដែលវីរុសកូវីដ១៩បម្លែងថ្មី នៅតែរាតត្បាតយ៉ាងធ្ងន់ធ្ងរនៅប្រទេសជាច្រើនដដែល ការផ្សព្វផ្សាយជាបន្តបន្ទាប់នូវ «វីរុសនយោបាយ» របស់អ្នកនយោបាយអាមេរិក បានបំពុលយ៉ាងធ្ងន់ធ្ងរ ដល់បរិយាកាសប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាសកល តាមពិតទៅ ទង្វើបែបនេះគឺមិនយកចិត្តទុកដាក់ដល់ សុខភាពនិងអាយុជីវិតរបស់ប្រជាជនទូទាំងពិភពលោក។

នាពេលបច្ចុប្បន្ននេះ ស្នូរសំរែករបស់សហគមន៍អន្តរជាតិ ដែលប្រឆាំងការផ្សព្វផ្សាយ «វីរុសនយោបាយ» របស់អាមេរិក បានលាន់ឭខ្ទរខ្ទាពីមួយថៃ្ងទៅមួយថៃ្ង។ លោក Frederick Mutesa អគ្គលេខាធិការនៃសមាគមមិត្តភាពហ្សំប៊ី-ចិននៃប្រទេសហ្សំប៊ី បានថែ្លងថា ទង្វើរបស់អាមេរិកស្តីពីការសន្មត់ថា មានទោសនិងការលេងល្បែងនយោបាយ ក្នុងបញ្ហាតាមដានរកប្រភពដើមនៃវីរុសកូវីដ១៩ វានឹងរារាំងដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល។

លោក Cavins Adhill អ្នកជំនាញខាងបញ្ហាអន្តរជាតិនៃប្រទេសកេនយ៉ា សម្គាល់ឃើញថា បើនិយាយចំពោះបណ្តាប្រទេសនានា អ្វីដែលសំខាន់បំផុតនាពេលបច្ចុប្បន្ន គឺ ការស្វែងយល់ពីវីរុសនិងការយកឈ្នះលើវីរុស តែគឺមិនមែនចាត់ទុកការតាមដានរកប្រភពដើមនៃរីរុសជា ឧបករណ៍នយោបាយសម្រាប់វាយប្រហារប្រទេសដទៃទៀតនោះឡើយ ។

គួរបញ្ជាក់ថា អាមេរិកក៏មានបញ្ញវន្តមួយចំនួន បានបង្ហាញពីមតិត្រឹមត្រូវក្នុងន័យច្រានចោល ពាក្យភូតកុហកជាបន្តបន្ទាប់ផងដែរ។ ឧទាហរណ៍ដូចជា លោក Sourabh Gupta អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់ នៃមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវចិននិងអាមេរិករបស់សហរដ្ឋអាមេរិក បានលើកឡើងថា រាល់ទង្វើដែលធ្វើនយោបាយធូបនីយកម្មបញ្ហាតាមដានរកប្រភពដើមនៃវីរុសទាំងអស់ សុទ្ធតែជារឿងគួរឱ្យសោកស្តាយ ព្រមនឹងបំផ្លាញដល់ស្ថានការណ៍ទូទៅ នៃកិច្ចសហប្រតិបតិ្តការ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល។

ការពិតជាក់ស្តែងបានបញ្ជាក់ថា អាមេរិកដែលធ្វើនយោបាយធូបនីយកម្ម ក្នុងការតាមដានរកប្រភពដើមនៃវីរុសកូវីដ ១៩ បានក្លាយជាឧបសគ្គធំបំផុត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកល និងការតាមដានរកប្រភពដើម នៃវីរុសតាមជំនាញវិទ្យាសាស្ត្ររួចហើយ។ សហគមន៍អន្តរជាតិមិនអនុញ្ញាតឱ្យអ្នកនយោបាយអាមេរិកផ្សព្វផ្សាយ «វីរុសនយោបាយ» តាមតែទំនើងចិត្តជាដាច់ខាត តែគួរពួតដៃគ្នាភ្លាមដើម្បីធ្វើពហិការយ៉ាងដាច់ខាត ចំពោះចរន្តបញ្ច្រាសដែលធ្វើនយោបាយធូបនីយកម្ម ក្នុងការតាមដានរកប្រភពដើមនៃវីរុស ក៏ដូចជាជំរុញការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លង និងការសិក្សាស្រាវជ្រាវស្តីពីការតាមដានរកប្រភពដើមនៃវីរុស ឱ្យត្រឡប់ទៅរកផ្លូវត្រឹមត្រូវនៃកិច្ចសហប្រតិបតិ្តការ តាមបែបវិទ្យាសាស្ត្រវិញ៕