(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ីលោក វ៉ាឌីមៀ ពូទីន បានហៅរយៈពេល ២០ឆ្នាំ នៃវត្តមានរបស់សហរដ្ឋអាមេរិក នៅលើទឹកដីអាហ្វហ្គានីស្ថាននោះថា «សោកនាដកម្ម»។ ការថ្លែងបែបនេះបានកើតមានឡើង ក្រោយប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រកាសបញ្ចប់វត្តមានយោធា នៅអាហ្វហ្គានីស្ថានទាំងស្រុង នៅថ្ងៃទី៣១ ខែសីហា (ពេលវេលានៅវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានរុស្ស៊ី Sputnik នារសៀលថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១។

លោក ពូទីន បានថ្លែងយ៉ាងដូច្នេះថា «អស់រយៈពេល ២០ឆ្នាំមកហើយ ដែលកងទ័ពអាមេរិកបានស្ថិតនៅលើទឹកដីអាហ្វហ្គានីស្ថាន... ហើយរយៈពេល ២០ឆ្នាំមកនេះ ពួកគេក៏បានព្យាយាមរួចហើយដែរ...។ សោកនាដកម្ម និងការបាត់បង់... ទាំងនេះជាអ្វីដែលសហរដ្ឋអាមេរិក និងប្រជាជនអាហ្វហ្គានីស្ថានទទួលបាន។ សម្រាប់លទ្ធផលគឺ សូន្យ ប្រសិនបើយើងមិនចង់ប្រើពាក្យថា វាជាលទ្ធផលអវិជ្ជមាននោះ...»

លោក ពូទីន ក៏បានពន្យល់ផងដែរថា «ប្រសិនបើយើងចង់ផ្លាស់ប្តូរអ្វីមួយនោះ វាមិនអាចទៅរួចនោះឡើយ នៅក្នុងការព្យាយាមផ្លាស់ប្តូរត្រឹមតែសម្បកក្រៅ... ប្រសិនបើនរណាម្នាក់ចង់ធ្វើអ្វីមួយ ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងជាមួយអ្នកផ្សេងទៀត គេគួរតែសម្លឹងមើលអំពីប្រវត្តិសាស្ត្រ វប្បធម៌ និងទស្សនវិជ្ជានៃជីវិតរបស់ប្រជាជនទាំងនេះ ក្នុងន័យដ៏លំទូលាយ ក៏ដូចជាការគោរពប្រពៃណីរបស់ពួកគេ»

សរុបសេចក្តីមក លោក វ៉ាឌីមៀ ពូទីន បានចាត់ទុករយៈពេល ២០ឆ្នាំរបស់សហរដ្ឋអាមេរិក នៅលើទឹកដីអាហ្វហ្គានីស្ថានគឺជា «សោកនាដកម្ម» ដែលកើតឡើងមកពីភាពតក់ក្រហល និងការមិនយល់ច្បាស់អំពីធម្មជាតិ នៃប្រជាជាតិអាហ្វហ្គានីស្ថាន។ លោក ពូទីន បានសង្កត់ធ្ងន់ថា ប្រសិនបើយើងមិនយល់អំពី ប្រវត្តិសាស្ត្រ វប្បធម៌ និងទស្សនវិជ្ជាផងនោះ យើងប្រាកដជាមិនអាចទទួលបាន «លទ្ធផលវិជ្ជមាន» ទៅរួចនោះឡើយ៕