(វ៉ាស៉ីនតោន)៖ ក្នុងកិច្ចសន្ទនាលើកចុងក្រោយតាមទូរស័ព្ទ រវាងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងអតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani មុនពេលក្រុមតាលីបង់ដណ្តើមគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន មេដឹកនាំទាំងពីរបានជជែកគ្នារឿងសំខាន់ៗមួយចំនួន រួមមានជំនួយយោធា និងយុទ្ធសាស្រ្តនយោបាយ ប៉ុន្តែទាំងលោក បៃដិន និងលោក Ghani ហាក់ពុំបានរំពឹងថា ប្រទេសអាហ្វហ្គានីស្ថានអាចធ្លាក់ទៅក្នុងដៃតាលីបង់ យ៉ាងឆាប់រហ័សបំផុតនោះឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១។

លោក បៃដិន និងលោក Ghani បានជជែកគ្នាប្រហែល១៤នាទី កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ លោក Ghani បានភៀសខ្លួនទៅក្រៅប្រទេស ហើយក្រុមតាលីបង់បានចូលដល់រដ្ឋធានីកាប៊ុល។ តាំងពីនោះមក ប្រជាជនអាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ បាននាំគ្នាភៀសខ្លួនចេញពីប្រទេស ខណៈមនុស្សជាច្រើននាក់ បានបាត់បង់ជីវិតទៀតផង កំលុងការបំផ្ទុះគ្រាប់បែកអត្តឃាត នៅព្រលានយន្តហោះកាប៊ុល។

ក្នុងកិច្ចសន្ទនាទូរស័ព្ទនោះ លោក បៃដិន បានស្នើបន្តផ្តល់ការជួយជ្រោមជ្រែងផ្នែកយោធា ប្រសិនបើលោក Ghani អាចបញ្ជាក់ប្រាប់ពីផែនការ ដែលលោកមាន សម្រាប់ក្រោយពេលអាមេរិកដកកងទ័ពចេញទៅអស់។ ជាមួយគ្នានោះ លោក បៃដិន ក៏បានធ្វើការណែនាំឲ្យលោក Ghani ព្យាយាមស្វែងរកការគាំទ្រ ពីក្រុមបុគ្គលមានអំណាចនៅអាហ្វហ្គានីស្ថាន សម្រាប់យុទ្ធសាស្រ្តយោធាថ្មីផងដែរ ហើយឲ្យចាត់តាំងបុគ្គលដែល មានសមត្ថភាព ឲ្យដឹកនាំកិច្ចប្រឹងប្រែងនេះ។

លោក បៃដិន បានចំណាយពេលភាគច្រើន ក្នុងកិច្ចសន្ទនាផ្តោតទៅលើអ្វី ដែលលោកហៅថា បញ្ហាទស្សនៈរបស់រដ្ឋាភិបាលអាហ្វហ្គានីស្ថាន នាពេលនោះ។ លោកប្រធានាធិបតីអាមេរិក បានឲ្យយោបល់ដល់លោក Ghani ថាគួរតែផ្លាស់ប្តូរទស្សនៈថ្មី។ យ៉ាងណាក្តី ទាំងលោក បៃដិន ទាំងលោក Ghani ហាក់មិនបាននិយាយអ្វី ពាក់ព័ន្ធនឹងលទ្ធភាពនៃការដួលរលំរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ដែលបានកើតឡើង ក្នុងរយៈពេលត្រឹម២៣ថ្ងៃប៉ុណ្ណោះ ក្រោយកិច្ចសន្ទនា។

លោក បៃដិន បានលើកឡើងថា សហរដ្ឋអាមេរិកគ្រោងនឹងបន្តខំប្រឹងប្រយុទ្ធ តាមផ្លូវការទូត នយោបាយ និងសេដ្ឋកិច្ច ដើម្បីជួយរដ្ឋាភិបាលលោក Ghani រក្សាជំហរនិងអភិវឌ្ឍខ្លួនឲ្យចម្រើនទៅមុខ។ ចំណែកលោក Ghani បានប្រាប់លោក បៃដិន ថា លោកជឿថា នឹងអាចមានសន្តិភាព ប្រសិនបើលោកអាចស្តារតុល្យភាព នៃដំណោះស្រាយយោធា។

គួរបញ្ជាក់ថា អាមេរិកបានបញ្ចប់ប្រតិបត្តិការជម្លៀសមនុស្ស និងដកកងទ័ពចេញអស់ទាំងស្រុងពីអាហ្វហ្គានីស្ថាន កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដែលជាការបិទបញ្ចប់ផ្លូវការ នៃប្រតិបត្តិការយោធារយៈពេល២០ឆ្នាំ នៅទីនោះ៕