(យូអិន)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) នៅថ្ងៃអង្គារសប្ដាហ៍នេះបានព្រមានថា មហន្តរាយមនុស្សធម៌កំពុងកើតឡើង នៅប្រទេសអាហ្វហ្គានីស្ថានហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅរសៀលថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១។

លោក Antonio Guterres បានថ្លែងបន្ទាប់ពីការដកកងទ័ពអាមេរិកទាំងស្រុង ចេញពីប្រទេសអាហ្វហ្គានីស្ថានថា «នៅថ្ងៃដែលប្រទេសអាហ្វហ្គានីស្ថាន ឈានចូលដល់ដំណាក់កាលថ្មីមួយ ខ្ញុំសូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះវិបត្តិមនុស្សធម៌ និងសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរ ដែលនឹងកើតមានឡើងនៅក្នុងប្រទេសនេះ ព្រមទាំងការគំរាមកំហែងពីការដួលរលំ នៃសេវាកម្មមូលដ្ឋាននានាទាំងស្រុងផងដែរ»

សព្វថ្ងៃនេះ ស្ទើរតែពាក់កណ្តាលនៃចំនួនប្រជាជនអាហ្វហ្គានីស្ថាន ឬស្មើនឹង ១៨លាននាក់ ត្រូវការជំនួយមនុស្សធម៌ដើម្បីរស់។ ជនជាតិអាហ្វហ្គានីស្ថាន ម្នាក់ក្នុងចំណោម ០៣នាក់មិនដឹងថា អាហារបន្ទាប់របស់ពួកគេនឹងបានមកពីណានោះទេ។ ជាងពាក់កណ្តាលនៃចំនួនកុមារអាហ្វហ្គានីស្ថានសរុប ដែលមានអាយុក្រោម ០៥ឆ្នាំត្រូវបានគេរំពឹងថា នឹងខ្វះចំណីអាហារយ៉ាងធ្ងន់ធ្ងរ នៅឆ្នាំ២០២២ខាងមុខនេះ។ ប្រជាជនកំពុងបាត់បង់លទ្ធភាពទទួលបានទំនិញ និងសេវាកម្មជារៀងរាល់ថ្ងៃ។

លោក Antonio Guterres បានសង្កត់ធ្ងន់បន្ថែមទៀតថា «មហន្តរាយមនុស្សធម៌កំពុងកើតឡើងហើយ។ ឥឡូវនេះ កុមារ ស្ត្រី និងបុរសអាហ្វហ្កានីស្ថាន កាន់តែច្រើនឡើងៗត្រូវការការគាំទ្រ និងសាមគ្គីភាពពីសហគមន៍អន្តរជាតិ។ ការប្តេជ្ញាចិត្តរបស់ប្រព័ន្ធមនុស្សធម៌ក្នុងការស្នាក់នៅ និងការផ្ដល់ជំនួយ នឹងមិនត្រូវមានភាពរអាក់រអួលឡើយ។ នៅឆ្នាំ២០២១នេះ យើងត្រូវផ្តល់ជំនួយដល់ប្រជាជនអាហ្វហ្កានីស្ថានចំនួន ៨លាននាក់»

បើតាមអគ្គលេខាធិការ UN ក្នុងរយៈពេល ០២សប្តាហ៍ចុងក្រោយនេះ យើងបានផ្តល់ជំនួយស្បៀងអាហារដល់ប្រជាជនចំនួន ៨០,០០០នាក់ និងកញ្ចប់ជំនួយសង្គ្រោះដល់គ្រួសារ ដែលផ្លាស់ទីលំនៅរាប់ពាន់គ្រួសារហើយ។ កាលពីដើមសប្តាហ៍នេះ យើងក៏បានបញ្ជូនការផ្គត់ផ្គង់វេជ្ជសាស្ត្រចំនួន ១២.៥តោនទៅកាន់អាហ្វហ្កានីស្ថានផងដែរ។ ជុំវិញបញ្ហានេះ លោក Antonio Guterres ក៏បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ ឱ្យជួយសម្រួលដល់ដំណើរការផ្តល់ជំនួយមនុស្សធម៌ ប្រកបដោយសុវត្ថិភាព និងគ្មានការរំខានទៅក្នុងប្រទេសអាហ្វហ្កានីស្ថានផងដែរ៕