(អ៉ីស្លាម៉ាបាដ)៖ ក្រុមមន្ត្រីប៉ាគីស្ថានបានបង្ហាញក្ដីព្រួយបារម្ភ ចំពោះការគំរាមកំហែងផ្នែកសន្តិសុខ ពីសំណាក់ប្រទេសក្បែរខាង នោះគឺអាហ្វហ្កានីស្ថាន ខណៈក្រុមតាលីបង់កំពុងព្យាយាមបង្កើតរដ្ឋាភិបាលថ្មី និងរក្សាស្ថិរភាពនៅក្នុងប្រទេស បន្ទាប់ពីការចាកចេញរបស់កងទ័ពអាមេរិក និងកងទ័ពអង្គការ NATO។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១។

បើតាមក្រុមមន្ត្រីប៉ាគីស្ថាន អ្វីដែលពួកគេបារម្ភគឺខ្លាចក្រែងថា ក្រុមសកម្មប្រយុទ្ធផ្ដាច់ខ្លួនមួយចំនួនដូចជា ក្រុមតាលីបង់-ប៉ាគីស្ថាន នឹងឆ្លងព្រំដែនពីប្រទេសអាហ្វហ្កានីស្ថាន ហើយបើកការវាយប្រហារណាមួយ នៅលើទឹកដីរបស់ប៉ាគីស្ថាន។

មន្ត្រីប៉ាគីស្ថានម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះយ៉ាងដូច្នេះថា «ក្នុងរយៈពេលពីរទៅបីខែខាងមុខ គឺជាពេលវេលាមួយដ៏សំខាន់.... ទីក្រុងអ៉ីស្លាម៉ាបាដភ័យខ្លាច ចំពោះការកើនឡើងនៃការវាយប្រហារ ពីសំណាក់ក្រុមសកម្មប្រយុទ្ធនៅតាមបណ្ដោយ ព្រំដែនរវាងប៉ាគីស្ថាន និងអាហ្វហ្កានីស្ថាន ស្របពេលក្រុមតាលីបង់ កំពុងព្យាយាមបង្កើតរដ្ឋាភិបាលថ្មី ក្រោយការដួលរលំនៃរដ្ឋាភិបាល ដែលគាំទ្រដោយលោកខាងលិច»។

គួរបញ្ជាក់ថា ប៉ាគីស្ថានជាប្រទេសមួយដែលគេជឿជាក់ថា បានផ្ដល់ការគំាទ្រយ៉ាងខ្លាំងដល់ក្រុមតាលីបង់ ព្រោះជារឿយៗសហរដ្ឋអាមេរិក ក៏តែងតែចោទប្រកាន់ប៉ាគីស្ថានផងដែរថា បានផ្ដល់ទីជម្រកលាក់ខ្លួនដល់មេដឹកនាំក្រុមតាលីបង់៕