(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បានប្រកាសថា ខ្លួនកំពុងតាមឃ្លាំមើលវីរុស COVID-19 បំប្លែងខ្លួនថ្មីមួយប្រភេទមានឈ្មោះថា មូ (Mu) ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងប្រទេសកូឡុំប៊ី កាលពីខែមករាកន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១។

វីរុស COVID-19 បំប្លែងថ្មីឈ្មោះថា Mu ឬមានគេស្គាល់ថា B.1.621 ត្រូវបានអង្គការ WHO ចាត់បញ្ចូលទៅក្នុងក្រុមនៃ «វីរុសបំប្លែងថ្មីដែលគួរចាប់អារម្មណ៍» ជាមួយការព្រមានថា វីរុសនេះទំនងជាអាចស៊ូទ្រាំជាមួយនឹងវ៉ាក់សាំងបាន ដែលតម្រូវឱ្យមានការសិក្សាបន្ថែម ដើម្បីស្វែងយល់ឱ្យច្បាស់ពីវីរុសបំប្លែងថ្មីនេះកាន់តែច្បាស់។

គួរបញ្ជាក់ថា ជាទូទៅគ្រប់វីរុសទាំងអស់ ក្នុងនោះរួមទាំងវីរុស SARS-CoV-2 ជាវីរុសដើមដែលបង្កជាជំងឺ COVID-19 តែងតែឆ្លងកាត់ដំណើរបំប្លែងខ្លួន ដោយជួនកាលបង្កើតចេញជាវីរុសថ្មីដែលកាចសាហាវ និងពេលខ្លះបង្កើតជាវីរុសខ្សោយ។ បច្ចុប្បន្ននេះ វីរុសបំប្លែងខ្លួនកាចសាហាវជាងគេ ដែលបាននិងកំពុងបង្កឲ្យប្រទេសជាច្រើន ជួបករណីឆ្លង និងស្លាប់កើនឡើងយ៉ាងគំហុកនោះគឺ Delta។ វីរុសបំប្លែងខ្លួន Delta (B.1.617.2) ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា៕