(ប៉េកាំង)៖ នៅថ្ងៃអង្គារសប្តាហ៍នេះ ក្រសួងការបរទេសចិនបានប្រកាសថា ការដកកងទ័ពអាមេរិកចេញទាំងស្រុង ពីទឹកដីអាហ្វហហ្គានីស្ថាន គឺជាការបើកទំព័រថ្មីមួយទៀត សម្រាប់ប្រទេសអាស៊ីខាងត្បូងមួយនេះ និងជាការបិទបញ្ចប់ភាពចលាចលដ៏អាក្រក់បំផុត នៃការជម្លៀសមនុស្សតាមផ្លូវអាកាស នៅអាកាយានដ្ឋានអន្តរជាតិទីក្រុងកាប៊ុល។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី០១ ខែកញ្ញា ឆ្នាំ២០២១។

ក្រសួងការបរទេសចិនបានរិះគន់ជាបន្តបន្ទាប់ ចំពោះការដកកងទ័ពចេញយ៉ាងតក់ក្រហល និងបង្កភាពចលាចលដោយសហរដ្ឋអាមេរិក ហើយចិនក៏បានប្រកាសទៀតថា ខ្លួនបានត្រៀមរួចជាសម្រេច នៅក្នុងការធ្វើឲ្យទំនាក់់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយក្រុមតាលីបង់ កាន់តែស៊ីជម្រៅ។

នៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃអង្គារសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានថ្លែងថា «ទីបំផុតអាហ្វហ្គានីស្ថានអាចរំដោះខ្លួនឯង ចេញពីការត្រួតត្រារបស់កងទ័ពបរទេសហើយ។ ប្រជាជនអាហ្វហ្គានីស្ថានបានមើលឃើញ ពន្លឺនៃការចាប់ផ្តើមថ្មីមួយសម្រាប់សន្តិភាព និងការកសាងជាតិឡើងវិញ ហើយអាហ្វហ្គានីស្ថានបានឈានចូលទំព័រថ្មីមួយ»

បើតាមការបញ្ជាក់ពីក្រសួងការបរទេសចិន ស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងកាប៊ុល នៅតែដំណើរការជាធម្មតា។ យ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងមិនទាន់បានប្រកាស ទទួលស្គាល់ក្រុមតាលីបង់ជារដ្ឋាភិបាលគ្រប់គ្រង នៅអាហ្វហ្គានីស្ថាននៅឡើយទេ ហើយចិននៅតែអះអាងដដែលជាដដែលថា ទីក្រុងប៉េកាំងចង់ឃើញក្រុមតាលីបង់ បង្កើតរដ្ឋាភិបាលរួបរួម និងបើកចំហមួយ ព្រមទាំងប្រយុទ្ធប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះកងកម្លាំងភេរវករគ្រប់ទម្រង់៕