(កាប៊ុល)៖ ក្រុមតាលីបង់បាននិយាយថា ការបង្កើតរដ្ឋាភិបាលថ្មីរបស់អាហ្វហ្គានីស្ថាន គឺកំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយហើយ ខណៈដែលអាមេរិកបានដកកងកម្លាំងចុងក្រោយចេញពីប្រទេសនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Al-jazeera នៅយប់ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១។

លោក Anas Haqqani មេដឹកនាំជាន់ខ្ពស់តាលីបង់បានប្រាប់សារព័ត៌មាន Al Jazeera ថា «រដ្ឋាភិបាលថ្មីនឹងចេញជារូបរាងនៅប៉ុន្មានថ្ងៃខាងមុខទៀតនេះ»

ទោះជាយ៉ាងណា លោកបានបន្ថែមថា វាដូចជាលឿនពេកក្នុងការនិយាយថា អ្នកណាខ្លះនឹងក្លាយជាសមាជិកនៃគណៈរដ្ឋមន្ត្រីថ្មីនេះ។

លោកបាន Haqqani បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងបានសម្រេចប្រហែល ៩០ទៅ ៩៥ ភាគរយ ហើយយើងនឹងប្រកាសលទ្ធផលចុងក្រោយនៅប៉ុន្មានថ្ងៃខាងមុខនេះ»

គួរបញ្ជាក់ថា ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១នេះ គឺជាកាលបរិច្ឆេទ ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានកំណត់ឲ្យកងទ័ពអាមេរិក ត្រូវចេញផុតទាំងស្រុងពីអាហ្វហ្គានីស្ថាន។ ជើងហោះហើរចុងក្រោយរបស់យោធាអាមេរិក បានចេញពីអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ គឺមួយថ្ងៃមុនពេលកំណត់់។

ការចាកចេញរបស់សហរដ្ឋអាមេរិកពីប្រទេសអាហ្វហ្គានីស្ថាននេះ ត្រូវបានក្រុមតាលីបង់ចាត់ទុកជាជ័យជម្នះដ៏ធំធេងសម្រាប់ក្រុមរបស់ខ្លួន ក៏ដូចជាប្រទេសអាហ្វហ្គានីស្ថានទាំងមូល៕