(ញូដេលី)៖ ក្រសួងការបរទេសឥណ្ឌាបាននិយាយថា ឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំប្រទេសកាតាបានជួបពិភាក្សាជាមួយមេដឹកនាំកំពូលតាលីបង់នៅថ្ងៃអង្គារ ទី៣១ ខែសីហានេះ ដែលជាជំនួបផ្លូវការលើកដំបូងចាប់តាំងពីក្រុមមួយនេះបានកាន់កាប់ប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅយប់ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១។

ក្រសួងការបរទេសឥណ្ឌាបានលើកឡើងថា ប្រេសិតពិសេសលោក Deepak Mittal បានជួបជាមួយនឹងលោក Sher Mohammad Abbas Stanekzai ប្រធានការិយាល័យនយោបាយរបស់តាលីបង់ នៅទីក្រុងដូហាប្រទេសកាតាតាមសំណើរបស់តាលីបង់ នៅថ្ងៃអង្គារនេះ។

គួរបញ្ជាក់ថា ឥណ្ឌាតែងតែមានកង្វល់អំពីពួកតាលីបង់ ដោយសារតែទំនាក់ទំនងជិតស្និទ្ធជាមួយប៉ាគីស្ថាន។ ក្រសួងការបរទេសបាននិយាយថា ភាគីទាំងពីរបានពិភាក្សាអំពីសុវត្ថិភាពរបស់ជនជាតិឥណ្ឌា ដែលកំពុងបន្តស្នាក់នៅអាហ្វហ្គានីស្ថាននៅឡើយ។

ក្នុងជំនួបនេះលោក Mittal ក៏បានបង្ហាញពីក្តីបារម្ភរបស់ឥណ្ឌាដែលថា ក្រុមសកម្មប្រយុទ្ធប្រឆាំងឥណ្ឌាអាចប្រើដីអាហ្វហ្គានីស្ថានដើម្បីវាយប្រហារ៕