(អ៉ីស្រាអែល)៖ អ៉ីស្រាអែលនៅថ្ងៃអង្គារនេះបានកត់ត្រាករណីឆ្លងកូវីដ១៩ ប្រចាំថ្ងៃខ្ពស់បំផុតមិនធ្លាប់មាន ដែលមានអ្នកឆ្លងថ្មីជិត ១១,០០០នាក់ ចំពេលមានការកើនឡើងដែលបណ្តាលមកកូវីដបំប្លែងខ្លួនថ្មី Delta ខណៈសាលារៀនត្រៀមនឹងបើកដំណើរការឡើងវិញឆាប់ៗនេះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព៍មាន CNA នៅថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១។

ករណីឆ្លងប្រចាំថ្ងៃដែលខ្ពស់បំផុតសម្រាប់ប្រទេសនេះ កាលពីលើកមុនបានកត់ត្រានៅថ្ងៃទី១៨ ខែមករា ដោយមានករណីថ្មីចំនួន ១០,១១៨ករណី។

ថ្វីបើមានករណីឆ្លងថ្មីប្រចាំថ្ងៃ ក្នុងចំនួនដ៏ច្រើនមិនធ្លាប់មានពីមុនមកក៏ដោយ ក៏អ៊ីស្រាអែលកំពុងបន្តដំណើរទៅមុខជាមួយផែនការបើកប្រព័ន្ធសាលារៀនរបស់ខ្លួនឱ្យបានពេញលេញនៅថ្ងៃពុធសប្តាហ៍នេះ ។

គួរបញ្ជាក់ថា អ៊ីស្រាអែលគឺជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ ដែលបានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជាតិ ខណៈដែលប្រទេសនេះត្រូវបានគេចាត់ទុកថា មានអ្នកឆ្លងកូវីដ១៩ ក្នុងអត្រាទាបបំផុតមួយផងដែរ។ ប្រទេសនេះបានអនុញ្ញាតឱ្យមានការដកចេញនូវវិធានការរឹតត្បិតប្រឆាំងនឹងកូវីដ១៩ ស្ទើរតែទាំងអស់៕