(ប៉េកាំង)៖ កាលពីថ្ងៃទី ៣០ ខែសីហា តាមម៉ោងក្នុងតំបន់ តាមដងផ្លូវនៅក្រុងកាប៊ុលរបស់អាហ្វហ្កានីស្ថាន មានរថយន្តមួយគ្រឿងបានឆេះយ៉ាងខ្លាំង។ បន្ទាប់ពីក្រុមតាលីបង់ ចូលក្នុងក្រុងកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហា សហគមន៍អន្តរជាតិសុទ្ធតែរំពឹងទុកថា នឹងគ្មានរឿងបែបនេះកើតឡើងម្តងទៀតនៅអាហ្វហ្កានីស្ថានទេ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ រឿងបែបនេះបានកើតឡើងជាបន្តបន្ទាប់។

សូមរំលឹកថា នៅខាងក្រៅព្រលានយន្តហោះក្រុងកាប៊ុល បានកើតមានរឿងវាយប្រហារដោយការបំផ្ទុះគ្រាប់បែកបែបអត្តឃាត កាលពីថ្ងៃទី២៦ ខែសីហា ក្រុមភេរវកម្ម ISIS-K នៅអាហ្វហ្កានីស្ថាន បានប្រកាសទទួលខុសត្រូវចំពោះរឿងវាយប្រហារនេះ បន្ទាប់មក កងទ័ពអាមេរិកបានបំផុសការវាយប្រហារជាលក្ខណៈសងសឹកចំនួន២លើកជាបន្តបន្ទាប់។

ទាក់ទិននឹងរឿងវាយប្រហារតាមអាកាសរបស់កងទ័ពអាមេរិក កាលពីថ្ងៃទី២៩ ខែសីហា ពីដំបូង កងទ័ពអាមេរិកបានអះអាងថា មិនមានតម្រុយបង្ហាញថា មានជនស៊ីវិលបានស្លាប់ឬរបួស នៅក្នុងហេតុការណ៍វាយប្រហារនេះទេ ប៉ុន្តែការអះអាងបែបនេះ បានត្រូវទាត់ចោលភ្លាមៗ។

អ្នកយកព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានយកបទសម្ភាសន៍ជាមួយ សាក្សីឃើញហេតុការណ៍ និងក្រុមគ្រួសាររបស់ជនរងគ្រោះ បានឱ្យដឹងថា ការវាយប្រហារតាមអាកាសរបស់កងទ័ពអាមេរិកបានបណ្តាលឱ្យប្រជាជនអាហ្វហ្កានីស្ថាន ១០នាក់ស្លាប់បាត់បង់ជីវិត ក្នុងនោះមានជនរងគ្រោះម្នាក់ មានអាយុត្រឹមតែ២ឆ្នាំប៉ុណ្ណោះ។

ក្រុមតាលីបង់បានថ្កោលទោស ចំពោះទង្វើល្មើសច្បាប់របស់កងទ័ពអាមេរិក ដែលបានបំផុសការវាយប្រហារតាមតែទំនើងចិត្ត។
ជុំវិញរឿងវាយប្រហារតាមអាកាសរបស់កងទ័ពអាមេរិក កាលពីថ្ងៃទី២៩ ខែសីហា អ្នកយកព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន បានទៅយកការណ៍នៅកន្លែងកើតហេតុឃើញថា កន្លែងកើតហេតុការណ៍គ្មានតម្រុយណាបញ្ជាក់ថា ជារឿងបំផ្ទុះជាលើកទី២ ដូចការអះអាងរបស់អាមេរិកនោះទេ។ ឃើញថា ការលើកឡើងរបស់កងទ័ពអាមេរិក ជាពាក្យកុហកសុទ្ធសាធ។

បន្ទាប់ពីកើតរឿងបំផ្ទុះ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបានទៅយកព័ត៌មាន នៅកន្លែងកើតហេតុ ពួកគេបានយល់ដឹងពីសភាពការណ៍ជាក់ស្តែង នៅហ្នឹងកន្លែង ចំណែកឯអ្នកជិតខាងនិងក្រុមគ្រួសាររបស់ជនរងគ្រោះ ក៏បានប្រាប់អ្នកសារព័ត៌មានអន្តរជាតិទាំងនេះ អំពីអ្វីដែលពួគគេបានឃើញផ្ទាល់ភ្នែកដែរ។ ប៉ុន្តែពេលផ្សព្វផ្សាយព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិទាំងនេះនៅតែលើកឡើងថា កងទ័ពអាមេរិកបានធ្វើការវាយប្រហារចំគោលដៅមួយ ព្រមទាំងអះអាងថា ក្នុងឡានបានផ្ទុកជាតិផ្ទុះ ការបំផ្ទុះលើកទី២ បានបណ្តាលឱ្យមនុស្សកាន់តែច្រើនស្លាប់និងរងរបួស។ ការផ្សាយព័ត៌មានបែបនេះ ធ្វើឱ្យពលរដ្ឋនៅកន្លែងកើតហេតុ មានការខឹងសម្បាយ៉ាងខ្លាំង៕