(ប៉េកាំង)៖ យប់ថ្ងៃទី២៩ ខែសីហា តាមម៉ោងក្នុងតំបន់ កងទ័ពអាមេរិកដែលឈរជើងនៅប្រទេសអាហ្វហ្កានីស្ថាន បានប្រើយន្តហោះគ្មានមនុស្សបើកវាយប្រហារខាងយោធាម្តងទៀត នៅទីក្រុងកាប៊ុលដោយតម្រង់ចំតំបន់រស់នៅរបស់ប្រជាជនមួយកន្លែង។ ការវាយប្រហារលើកនេះ បានបណ្តាលឱ្យជនស៊ីវិលចំនួន ១០នាក់ បាត់បង់អាយុជីវិត ក្នុងនោះមានក្មេងអាយុទើបតែ២ឆ្នាំប៉ុណ្ណោះ។

ពីដំបូង សហរដ្ឋអាមេរិកបានអះអាងថា ការវាយប្រហារតាមអាកាសលើកនេះ បានបាញ់សម្លាប់ភេរវជនម្នាក់ដែលត្រូវ «ជាប់សង្ស័យ» និង «ត្រៀម» ធ្វើការវាយប្រហារបែបអត្តឃាតដោយបំផ្ទុះគ្រាប់បែកក្នុងរថយន្ត នៅអាកាសយានដ្ឋានកាប៊ុល តែក្រោយមកមិនយូរប៉ុន្មាន បានប្តូរពាក្យសម្តីរបស់ខ្លួនវិញ។

កងទ័ពអាមេរិកបានចេញសេចក្តីថ្លែងការណ៍មួយដោយអះអាងថា ការវាយប្រហារតាមអាកាសរបស់កងទ័ពអាមេរិក បានបាញ់ត្រូវរថយន្តមួយគ្រឿង។ រថយន្តនេះត្រូវគេ «ប៉ាន់ប្រមាណ» ថា វាបានដឹកភេរវជននៃអង្គការជ្រុលនិយមជាច្រើននាក់ ហើយការវាយប្រហារតាមអាកាសលើកនេះក៏ «ប្រហែលនឹង» បណ្តាលឱ្យផ្ទុះឧបករណ៍បំផ្ទុះ ដែលបានផ្ទុកនៅក្នុងរថយន្តនោះ ដែលជាហេតុនាំឲ្យការផ្ទុះលើកទី២ក្នុងទ្រង់ទ្រាយធំ បណ្តាលឱ្យជនស៊ីវិលស្លាប់និងរបួស។

នៅពេលអ្នកយកព័ត៌មាននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនប្រចាំនៅទីក្រុងកាប៊ុល បានទៅយកព័ត៌មាននៅកន្លែងកើតហេតុ បានឃើញថា រថយន្តដែលត្រូវបាញ់ចំនោះស្ថិតក្នុងទីធ្លាដដែល ហើយយុវជនប៉ុន្មាននាក់កំពុងបោសសំអាតបំណែករថយន្ត ។

គួរបញ្ជាក់ថា សាក្សីឃើញហេតុការណ៍មួយចំនួនសុទ្ធតែ បានបញ្ជាក់ថា គ្មានគ្រឿងរំសេវនៅលើរថយន្តនោះទេ ហើយក៏គ្មានស្លាកស្នាមនៃការបំផ្ទុះលើកទី២ ណាមួយនៅក្បែរតំបន់នោះដែរ។ ពីព្រោះផ្ទះស្នាក់នៅចាស់ៗ មិនអាចរងសម្ពោធពីការបំផ្ទុះទ្រង់ទ្រាយធំបែបនេះទេ។

ក្នុងរយៈពេលតែមួយសប្តាហ៍ មុនថ្ងៃទី៣១ ខែសីហា បន្ទាប់ពីអាកាសយានដ្ឋានអន្តរជាតិក្រុងកាប៊ុល បានកើតហេតុការណ៍បំផ្ទុះ នៅថ្ងៃទី២៦ ខែសីហា កងទ័ពអាមេរិកបានប្រើកាំភ្លើងបាញ់រះប្រជាជន ដោយគ្មានកំណត់គោលដៅ ហើយក៏បានបំផ្ទុះដោយភាន់ច្រឡំ ទៅលើផ្ទះស្នាក់នៅរបស់ប្រជាជនម្តងទៀត កាលពីថ្ងៃទី២៩ ខែសីហា ។ មុនពេលដកចេញពីអាហ្វហ្កានីស្ថានទាំងស្រុង តើកងទ័ពអាមេរិកចង់ជំពាក់បំណុលឈាមប្រជាជនអាហ្វហ្កានីស្ថានច្រើនប៉ុនណាទៀត?៕