(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១នេះ បាននិយាយថា ប្រទេសអូស្រ្តាលី នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺ COVID-19 ដែលអភិវឌ្ឍឡើងដោយក្រុមហ៊ុនអាមេរិក Pfizer ចំនួន ៥សែនដូស ពីប្រទេសសិង្ហបុរី នៅសប្ដាហ៍នេះ បន្ទាប់ពីទីក្រុងកង់បេរ៉ា (Canberra) បានយល់ព្រមលើកិច្ចព្រមព្រៀងដោះដូរវ៉ាក់សាំង ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters។

បើតាមលោក Morrison កិច្ចព្រមព្រៀងដោះដូរវ៉ាក់សាំងខាងលើ ដែលនឹងមើលឃើញអូស្រ្តាលីប្រគល់វ៉ាក់សាំង Pfizer ចំនួន៥សែនដូស ដល់ប្រទេសសិង្ហបុរីវិញ នៅក្នុងខែធ្នូខាងមុខ នឹងអនុញ្ញាតឱ្យទីក្រុងកង់បេរ៉ា បង្កើនល្បឿនកម្មវិធីចាក់វ៉ាក់សាំង នៅក្នុងប្រទេសខ្លួន ខណៈករណីឆ្លងប្រចាំថ្ងៃកំពុងកើនឡើងដល់កម្រិតខ្ពស់ៗខ្លាំង។

លោក Morrison បានប្រាប់អ្នកសារព័ត៌មានថា «វាមានន័យថា យើងនឹងមានការបន្ថែមវ៉ាក់សាំងចំនួន ៥សែនដូសទៀត នៅក្នុងខែកញ្ញា ខាងមុខនេះ ខណៈបើមិនធ្វើដូច្នេះទេ យើងច្បាស់នឹងត្រូវរង់ចាំជាច្រើនខែទៀត ទើបអាចពន្លឿនកម្មវិធីចាក់វ៉ាក់សាំងរបស់យើង នៅគ្រាដ៏សំខាន់នេះ ខណៈយើងកំពុងដើរឆ្ពោះទៅរកគោលដៅចាក់វ៉ាក់សាំងជូនដល់ប្រជាជនឱ្យបាន ៧០-៨០ភាគរយ»។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ តិចជាង២៨ភាគរយប៉ុណ្ណោះនៃប្រជាជនសរុបអូស្រ្តាលី ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ពេញលេញ ខណៈប្រទេសនេះ កំពុងប្រយុទ្ធប្រឆាំងនឹងការកើនឡើងយ៉ាងគំហុក នៃករណីឆ្លងដែលបង្កឡើងដោយវីរុសបំប្លែងខ្លួនថ្មី Delta។ ប្រទេសអូស្រ្តាលី បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសជិត ៥៤,០០០ករណី ក្នុងនោះមានអ្នកស្លាប់ ១,០០៦នាក់ គិតចាប់តាំងពីការផ្ទុះឡើងនៃជំងឺឆ្លងរាតត្បាតដ៏សាហាវនេះ នៅក្នុងប្រទេសខ្លួន៕