(អាមេរិក)៖ អាជ្ញាធររដ្ឋបាលព្រៃឈើរបស់ក្រសួងកសិកម្មអាមេរិក នឹងបិទឧទ្យានព្រៃឈើជាតិទាំងអស់នៅរដ្ឋកាលីហ្វ័រញ៉ា ដែលមានផ្ទៃដីទំហំ៨លានហិកតា (ប្រហែល ៨០,៩៣៧គីឡូម៉ែត្រក្រឡា) សម្រាប់រយៈពេល០២សប្តាហ៍ គិតចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារសប្ដាហ៍នេះតទៅ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ នៅថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នំ២០២១។

សេចក្តីថ្លែងការណ៍មួយដែលបានចុះហត្ថលេខានៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយប្រធានរដ្ឋបាលព្រៃឈើប្រចាំរដ្ឋកាលីហ្វ័រញ៉ា លោកស្រី ចេនីហ្វឺ អឹម អ៉ីបឺលៀន (Jennifer M. Eberlien) បាននិយាយថា ខាងអាជ្ញាធរបានធ្វើការសម្រេចចិត្តដ៏លំបាកនេះ ដើម្បីផ្តល់សុវត្ថិភាពជូនដល់សាធារណៈជន និងក្រុមអ្នកពន្លត់អគ្គិភ័យឱ្យបានប្រសើរជាងមុន ដោយសារតែវិបត្តិភ្លើងឆេះព្រៃ ដែលកំពុងបន្តកើតមាននៅរដ្ឋកាលីហ្វ័រញ៉ា។ ការបិទនេះ គ្រោងនឹងចាប់ផ្តើមអនុវត្តពីថ្ងៃអង្គារសប្ដាហ៍នេះតទៅ រហូតដល់ថ្ងៃទី១៧ ខែកញ្ញាខាងមុខនេះ។

កាលពីសប្តាហ៍មុន ឧទ្យានព្រៃឈើជាតិចំនួន០៩កន្លែង នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាត្រូវបានបិទ ដោយសារតែស្ថានភាពភ្លើងឆេះព្រៃ កាន់តែកើនឡើងយ៉ាងខ្លាំងនៅទូទាំងរដ្ឋ និងធ្វើឱ្យប៉ះពាល់ដល់កម្លាំងនៃការពន្លត់អគ្គិភ័យ នៅទូទាំងប្រទេស។

សេចក្តីថ្លែងការណ៍ដដែល ក៏បានបញ្ជាក់ផងដែរថា ភ្លើងឆេះព្រៃជាង ៦,៨០០កន្លែង បានដុតបំផ្លាញលើផ្ទៃដីទំហំជិត ៧សែនហិកតា (ប្រហែល ៦,៨៧៩គីឡូម៉ែត្រក្រឡា) នៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា ហើយកម្រិតប្រកាសអាសន្នភ្លើងឆេះ ក៏បានកើនឡើងដល់កម្រិតទី៥ (PL5) ចាប់តាំងពីថ្ងៃទី១៤ ខែកក្កដា មកម្ល៉េះ ដែលជាកម្រិតខ្ពស់បំផុតបង្ហាញពីសកម្មភាពភ្លើងឆេះព្រៃ៕