(កាប៊ុល)៖ ក្រុមតាលីបង់ បានដាក់ពង្រាយកងកម្លាំងពិសេសរបស់ខ្លួន ឲ្យទៅគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិ ហាមីដ កាហ្សៃ (Hamid Karzai) នៃទីក្រុងកាប៊ុល នាថ្ងៃអង្គារនេះ ប៉ុន្មានម៉ោងក្រោយយោធាអាមេរិក ចេញផុតអស់ពីទីនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ស៉ីនហួរ នៅថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១។

អ្នកនាំពាក្យតាលីបង់ លោក ហ្សាប៊ីហ៊ូឡោះ មូចាហ៉ីដ (Zabihullah Mujahid) បានប្រាប់ក្រុមអ្នកកាសែតថា កងកម្លាំងពិសេស បាឌ្រី (Badri) របស់ក្រុមតាលីបង់ ត្រូវបានដាក់ពង្រាយនៅព្រលានយន្តហោះកាប៊ុល ហើយសន្តិសុខនិងសុវត្ថិភាព ត្រូវធានាបាននៅទីនោះ។ បើតាមលោក Mujahid អ្វីៗនឹងត្រឡប់ទៅរកភាពប្រក្រតីវិញនៅព្រលានយន្តហោះ ហើយពួកគេកំពុងប្រឹងប្រែងធ្វើការរៀបចំ ដើម្បីឲ្យជើងហោះហើរស៉ីវិល អាចចាប់ផ្តើមធ្វើប្រតិបត្តិការបាន ក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ថា ថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១នេះ គឺជាកាលបរិច្ឆេទ ដែលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានកំណត់ឲ្យកងទ័ពអាមេរិក ត្រូវចេញផុតទាំងស្រុងពីអាហ្វហ្គានីស្ថាន។ ជើងហោះហើរចុងក្រោយរបស់យោធាអាមេរិក បានចេញពីអាហ្វហ្គានីស្ថាន កាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ គឺមួយថ្ងៃមុនពេលកំណត់់៕