(កាប៊ុល)៖ នៅថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១នេះ ក្រុមតាលីបង់បានប្រកាសស្វាគមន៍ ចំពោះការដកកងទ័ពអាមេរិកចេញទាំងស្រុង ពីប្រទេសអាហ្វហ្គានីស្ថាន ដោយយន្តហោះចុងក្រោយ ដែលមានដឹកកងទ័ពសេសសល់ និងអគ្គរដ្ឋទូត រ៉ូស វីសុន (Ross Wilson) បានចាកចេញពីទីក្រុងកាប៊ុល កាលពីយប់អធ្រាត្រ ជិតឈានចូលថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ។

អ្នកនាំពាក្យក្រុមតាលីបង់លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ (Zabihullah Mujahid) បានសរសេរសារបង្ហោះលើ Twitter ថា «នៅពេលនេះ ប្រទេសរបស់យើងទទួលបានសេរីភាព និងឯករាជ្យភាពពេញលេញហើយ»

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃទី៣០ ខែសីហា (ពេលវេលានៅវ៉ាស៊ីនតោន) ថា ការដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានវិញ ត្រូវបានបញ្ចប់ទៅទាំងស្រុងហើយ ខណៈប្រតិបត្តិការជម្លៀសមនុស្ស ចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុល ត្រូវបានគេចាត់ទុកថា ជាភាពចលាចលខ្លាំងបំផុតមិនធ្លាប់មានសម្រាប់ផ្លូវអាកាស នៅក្នុងរយៈពេលជិត ២០ឆ្នាំមកនេះ។

ទោះជាយ៉ាងណា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានគូសបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងបន្តកិច្ចខិតខំប្រឹងប្រែងជាដរាប ដើម្បីជួយជម្លៀសមនុស្សចេញពីប្រទេសអាហ្វហ្កានីស្ថាន ប្រសិនបើពួកគេចង់ចាកចេញ។ លោកក៏បានលើកឡើងផងដែរថា សហរដ្ឋអាមេរិកនឹងរង់ចាំមើលការសន្យា និងទង្វើរបស់ក្រុមតាលីបង់ជាក់ស្តែងទៅមុខទៀត មុននឹងសម្រេចចិត្តថា តើអាមេរិកគួរទទួលស្គាល់តាលីបង់ ជារដ្ឋាភិបាលស្របច្បាប់របស់អាហ្វហ្គានីស្ថាន ដែរឬមួយក៏យ៉ាងណា៕