(បាងកក)៖ ក្រសួងសុខាភិបាលថៃនៅថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៤,៦៦៦នាក់ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៤,៣៦២ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣០៤ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ១៩០នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៩,២៤៥នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

នេះជាលើកដំបូងហើយ នៅក្នុងរយៈពេលជាច្រើនសប្តាហ៍មកនេះ ដែលប្រទេសថៃអាចមើលឃើញ អត្រាធ្លាក់ចុះវិញនៃករណីឆ្លង COVID-19 ប្រចាំថ្ងៃ មកនៅក្រោម ១៥,០០០នាក់ និងអ្នកស្លាប់ក្រោម ២០០នាក់ នៅក្នុងមួយថ្ងៃ។ ថៃក៏បានប្រកាសពីការដកវិធានការរឹតត្បិតខ្លះ ចេញពីទីក្រុងបាងកក និងខេត្តមួយចំនួនផងដែរ ចាប់ពីដើមខែកញ្ញា ខាងមុខនេះតទៅ ដើម្បីសម្រួលដល់ដំណើរការស្តារសេដ្ឋកិច្ចឡើងវិញ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,២០៤,៧២៩ករណី ក្នុងនោះមានអ្នកស្លាប់ ១១,៥៨៩នាក់ និងអ្នកជាសះស្បើយឡើងវិញ ១,០២១,៧៧២នាក់៕