(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) បាននិយាយថា ការទទួលស្គាល់ភាពស្របច្បាប់ នៃរដ្ឋាភិបាលរបស់ក្រុមតាលីបង់ នៅត្រូវរង់ចាំមើលសិនថា តើពួកគេពិតជាបានគោរពតាមពាក្យសន្យា ឬប្រព្រឹត្តទង្វើដែលស័ក្តិសម នឹងទទួលបានការគាំទ្រនេះដែរ ឬក៏យ៉ាងណា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១។

តាមរយៈសេចក្ដីថ្លែងការណ៍ ចេញផ្សាយនៅថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) ប៉ុន្មានម៉ោងក្រោយជើងយន្ដហោះអាមេរិកចុងក្រោយបំផុត ចាកចេញពីរដ្ឋធានីកាប៊ុល ជានិមិត្តរូបនៃការបញ្ចប់ជាផ្លូវការនូវ សង្រ្គាមរយៈពេល ២០ឆ្នាំរបស់សហរដ្ឋអាមេរិក ក្នុងប្រទេសអាហ្វហ្កានីស្ថាន លោក Antony Blinken ក៏បានសង្កត់ធ្ងន់ផងដែរថា ក្រុមតាលីបង់ត្រូវតែគោរព និងអនុវត្តតាមពាក្យសន្យារបស់ពួកគេ ក្នុងការផ្ដល់សិទ្ធិសេរីភាពនៃការធ្វើដំណើរ, គោរពសិទ្ធិស្ត្រី និងជនជាតិដើមភាគតិច ហើយមិនត្រូវអនុញ្ញាតឱ្យអាហ្វហ្កានីស្ថាន ក្លាយជាមូលដ្ឋានរបស់ពួកភេរវករជាដាច់ខាត។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបច្ចុប្បន្នបានផ្អាកបេសកកម្មការទូត នៅក្នុងរដ្ឋធានីកាប៊ុលជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃចន្ទដើមសប្ដាហ៍នេះតទៅ ហើយផ្ទេរប្រតិបត្តិការការទូតនេះទៅប្រទេសកាតា។

សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃទី៣០ ខែសីហា (ពេលវេលានៅវ៉ាស៊ីនតោន) ថា ការដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានវិញ ត្រូវបានបញ្ចប់ទៅទាំងស្រុងហើយ។ បើតាមរបាយការណ៍ចុងក្រោយ មនុស្សសរុបជាង ១២២,០០០នាក់ ត្រូវបានជម្លៀសចេញពីអាហ្វហ្គានីស្ថាន តាមរយៈអាកាសយានដ្ឋានអន្តរជាតិ ហាមីដ កាហ្សៃ (Hamid Kazai) នៃទីក្រុងកាប៊ុល តាំងតែពីថ្ងៃទី១៤ ខែសីហា មកម្ល៉េះ គឺមួយថ្ងៃមុនក្រុមតាលីបង់ ចូលមកគ្រប់គ្រងទីក្រុងកាប៊ុលទាំងស្រុង៕