(អឺរ៉ុប)៖ សហភាពអ៊ឺរ៉ុបនៅថ្ងៃចន្ទសប្ដាហ៍នេះ បានផ្តល់អនុសាសន៍ដល់ប្រទេសជាសមាជិករបស់ខ្លួន ឱ្យដាក់ចេញនូវវិធានការរឹតត្បិតលើការធ្វើដំណើរឡើងវិញ ចំពោះអ្នកទេសចរមកពីសហរដ្ឋអាមេរិក ដោយសារការកើនឡើងនៃករណីឆ្លងជំងឺ COVID-19 នៅទូទាំងប្រទេសសម្ព័ន្ធមិត្តខ្លួនមួយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១។

ក្រុមប្រឹក្សាអ៊ឺរ៉ុប ដែលតំណាងឱ្យរដ្ឋាភិបាលប្រទេសជាសមាជិកចំនួន ២៧ បានប្រកាសថា ខ្លួនកំពុងដកប្រទេសចំនួន ០៦ ចេញពីបញ្ជីដែលត្រូវបានលើកលែង ពីវិធានការរឹតបន្តឹងលើការធ្វើដំណើរដែលមិនចាំបាច់ ក្នុងកំឡុងពេលមានជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ។ សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា «ប្រទេសអ៊ីស្រាអែល, កូសូវ៉ូ, លីបង់, ម៉ុងតេណេហ្គ្រោ, សាធារណរដ្ឋម៉ាសេដូនីខាងជើង រួមទាំងសហរដ្ឋអាមេរិក គឺត្រូវដាក់ឲ្យស្ថិតនៅក្នុងបញ្ជីនៃការរឹតត្បិតឡើងវិញ»

ការសម្រេចចិត្តដោយអឺរ៉ុបខាងនេះ បានកើតឡើងនៅពេលដែលសហរដ្ឋអាមេរិក ត្រូវបានគេមើលឃើញថា បានសម្រេចការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំរួចទៅហើយ ប៉ុន្តែចំនួនករណីនៅក្នុងប្រទេសនេះ បានកើនឡើងដោយសារវីរុសបំប្លែងខ្លួនថ្មី Delta ដែលមានសមត្ថភាពចម្លងលឿនរហ័ស ហើយប្រជាជនជាច្រើនទៀតរបស់ប្រទេសនេះ នៅតែបដិសេធមិនទទួលការចាក់វ៉ាក់សាំង។

គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានផ្តល់អនុសាសន៍ ដល់ប្រទេសជាសមាជិករបស់ខ្លួន ឱ្យដកវិធានការរឹតបន្តឹងលើការធ្វើដំណើរ ដែលមិនចាំបាច់ពីសហរដ្ឋអាមេរិកចេញ កាលពីខែមិថុនាកន្លងទៅនេះ មុនពេលរដូវទេសចរណ៍ (រដូវក្តៅ) ឈានមកដល់៕