(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនឹងបន្តកិច្ចខិតខំប្រឹងប្រែងជាដរាប ដើម្បីជួយជម្លៀសមនុស្សចេញពីប្រទេសអាហ្វហ្កានីស្ថាន ប្រសិនបើពួកគេចង់ចាកចេញ។ នេះជាការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងគែន (Antony Blinken) ដកស្រង់ និងចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១។

លោក Antony Blinken ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ចេញផ្សាយតែប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីយន្ដហោះអាមេរិកចុងក្រោយបំផុត បានចាកចេញពីអាហ្វហ្កានីស្ថាន នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន)។ លោក Blinken បានគូសបញ្ជាក់ដូច្នេះថា «ទំព័រថ្មីមួយនៃការចូលរួមរបស់សហរដ្ឋអាមេរិកជាមួយ អាហ្វហ្កានីស្ថានបានចាប់ផ្ដើមហើយ... យើងនឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់យើងជាដរាប ដើម្បីជាពលរដ្ឋអាមេរិក, ជនបរទេស និងជនជាតិអាហ្វហ្កានីស្ថាន ឱ្យចាកចេញពីអាហ្វហ្កានីស្ថាន ប្រើសិនជាពួកគេជ្រើសរើសចាកចេញ»

គួរបញ្ជាក់ថា បើតាមលោក Antony Blinken ពលរដ្ឋអាមេរិកប្រហែលជា ១០០នាក់ ត្រូវបានគេជឿជាក់កំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថាននៅឡើយ ខណៈពលរដ្ឋអាមេរិកច្រើនជាង ៦,០០០នាក់ ត្រូវបានជម្លៀស។ ចំណែកឯ មនុស្សយ៉ាងហោច ១២២,០០០នាក់បានចាកចេញពីរដ្ឋធានីកាប៊ុលចាប់តាំងពីថ្ងៃទី១៤ ខែសីហាមក ពោលគឺមួយថ្ងៃក្រោយក្រុមតាលីបង់ ឡើងកាន់អំណាចគ្រប់គ្រងប្រទេសសាជាថ្មី។

ជុំវិញការប្រកាសដកកងទ័ពចេញទាំងស្រុងរួចរាល់នេះ មេបញ្ជាការនៃទីបញ្ជាការកណ្តាលយោធាអាមេរិក លោកឧត្តមសេនីយ៍ ហ្វ្រេង ម៉ាកគែនហ្ស៊ី (Frank McKenzie) បានប្រាប់ក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរបញ្ចកោណថា «មានរឿងគួរឲ្យសោកសង្រេងជាច្រើន បានកើតមានឡើងនៅក្នុងដំណើរការជម្លៀសនោះ។ យើងមិនអាចនាំយកមនុស្សគ្រប់គ្នាតាមដែលយើងចង់ ឲ្យចេញមកជាមួយយើងនោះឡើយ។ ប៉ុន្តែខ្ញុំគិតថា ប្រសិនបើយើងមានពេលតែ ១០ថ្ងៃទៀតនោះ យើងនឹងអាចនាំយកគ្រប់គ្នាឲ្យចេញមកបាន»