(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានប្រកាសនៅថ្ងៃទី៣០ ខែសីហា (ពេលវេលានៅវ៉ាស៊ីនតោន) ថា ការដកកងទ័ពចេញពីប្រទេសអាហ្វហ្គានីស្ថានវិញ ត្រូវបានបញ្ចប់ទៅទាំងស្រុងហើយ ខណៈប្រតិបត្តិការជម្លៀសមនុស្ស ចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុល ត្រូវបានគេចាត់ទុកថា ជាភាពចលាចលខ្លាំងបំផុតមិនធ្លាប់មានសម្រាប់ផ្លូវអាកាស នៅក្នុងរយៈពេលជិត ២០ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី៣១ ខែសីហា ឆ្នាំ២០២១។

បើតាមរបាយការណ៍ចុងក្រោយ មនុស្សសរុបជាង ១២២,០០០នាក់ ត្រូវបានជម្លៀសចេញពីអាហ្វហ្គានីស្ថាន តាមរយៈអាកាសយានដ្ឋានអន្តរជាតិ ហាមីដ កាហ្សៃ (Hamid Kazai) នៃទីក្រុងកាប៊ុល តាំងតែពីថ្ងៃទី១៤ ខែសីហា មកម្ល៉េះ គឺមួយថ្ងៃមុនក្រុមតាលីបង់ ចូលមកគ្រប់គ្រងទីក្រុងកាប៊ុលទាំងស្រុង។

បើតាមការមើលឃើញជាក់ស្តែង ដោយសារតែក្រុមតាលីបង់ បានទន្ទ្រានគ្រប់គ្រងទីក្រុងកាប៊ុល និងប្រទេសអាហ្វហ្គានីស្ថានទាំងមូល លឿនរហ័សខ្លាំងពេក ទើបការជម្លៀសមនុស្សចេញពីប្រទេសអាស៊ីខាងត្បូងមួយនេះ ត្រូវបានធ្វើឡើងយ៉ាងតក់ក្រហល និងឈានទៅរកភាពចលាចល ហើយក្នុងនោះមនុស្សជិត ២០០នាក់ក៏បានបាត់បង់ជីវិតផងដែរ (១៣នាក់ជាងកងទ័ពអាមេរិក) នៅក្នុងការវាយប្រហារសងសឹកគ្នារវាងបណ្តាញ ISIS និងកងទ័ពសហរដ្ឋអាមេរិក។

ជុំវិញការប្រកាសដកកងទ័ពចេញទាំងស្រុងរួចរាល់នេះ មេបញ្ជាការនៃទីបញ្ជាការកណ្តាលយោធាអាមេរិក លោកឧត្តមសេនីយ៍ ហ្វ្រេង ម៉ាកគែនហ្ស៊ី (Frank McKenzie) បានប្រាប់ក្នុងសន្និសីទសារព័ត៌មាននៅមន្ទីរបញ្ចកោណថា «មានរឿងគួរឲ្យសោកសង្រេងជាច្រើន បានកើតមានឡើងនៅក្នុងដំណើរការជម្លៀសនោះ។ យើងមិនអាចនាំយកមនុស្សគ្រប់គ្នាតាមដែលយើងចង់ ឲ្យចេញមកជាមួយយើងនោះឡើយ។ ប៉ុន្តែខ្ញុំគិតថា ប្រសិនបើយើងមានពេលតែ ១០ថ្ងៃទៀតនោះ យើងនឹងអាចនាំយកគ្រប់គ្នាឲ្យចេញមកបាន»

គួរបញ្ជាក់ថា ការថ្លែងរបស់លោក Frank McKenzie ត្រូវបានធ្វើឡើងនៅថ្ងៃទី៣០ ខែសីហា (ពេលវេលានៅវ៉ាស៊ីនតោន) ជាពេលដែលឯកអគ្គរដ្ឋទូតអាមេរិកលលោក រ៉ូស វីលសុន (Ross Wilson) កំពុងស្ថិតនៅក្នុងយន្តហោះអាមេរិក C-17 ដែលបានហោះចាកចេញពីអាហ្វហ្គានីស្ថានរួចទៅហើយ។ ការប្រកាសបិទបញ្ចប់នេះ ត្រូវបានធ្វើឡើងតបទៅតាមកាលកំណត់ថ្ងៃទី៣១ ខែសីហា ដែលសហរដ្ឋអាមេរិកបានប្តេជ្ញាចិត្តខ្លួន តាំងពីយូរណាស់មកហើយ និងជាកិច្ចព្រមព្រៀងជាមួយក្រុមតាលីបង់៕