(កាប៊ុល)៖ អ្នកនាំពាក្យរបស់ក្រុមតាលីបង់បាននិយាយថា ក្រុមរបស់ខ្លួននឹងកម្ចាត់ចោលអង្គការរដ្ឋអ៉ីស្លាម (IS)ហើយសង្ឃឹមថាការវាយប្រហាររបស់ក្រុមនេះ នឹងបញ្ចប់នៅពេលដែលកងទ័ពបរទេសចាកចេញពីប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅយប់ថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១។

អ្នកនាំពាក្យតាលីបង់លោក Zabihullah Mujahid បានប្រាប់ AFP នៅក្នុងបទសម្ភាសន៍កាលពីចុងសប្តាហ៍ថា «យើងសង្ឃឹមថាជនជាតិអាហ្វហ្គានីស្ថានទាំងនោះ ដែលទទួលឥទ្ធិពលពីអង្គាររដ្ឋអ៊ីស្លាម (IS) នឹងបោះបង់ប្រតិបត្តិការរបស់ខ្លួនដោយមើលឃើញការបង្កើតរដ្ឋាភិបាលអ៊ីស្លាមថ្មី ដែលគ្មានជនបរទេស»

លោកបានបន្ថែមថា «ប្រសិនបើពួកគេបង្កើតឲ្យមានស្ថានភាពសង្គ្រាម ហើយនៅតែបន្តប្រតិបត្តិការវាយប្រហាររបស់ពួកគេ នោះរដ្ឋាភិបាលអ៊ីស្លាម (តាលីបង់)…យើងនឹងដោះស្រាយជាមួយពួកគេ»

គួរបញ្ជាក់ថា ការវាយប្រហារដោយគ្រាប់បែកអត្តឃាតដ៏សាហាវមួយ ដែលអះអាងដោយក្រុម IS នៅក្បែរអាកាសយានដ្ឋានក្រុងកាប៊ុលកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅនេះ បានសម្លាប់មនុស្សជាច្រើននាក់ ដែលសង្ឃឹមរត់ចេញពីប្រទេសនេះ ក្នុងនោះមានទាហានអាមេរិកចំនួន ១៣នាក់ផងដែរ៕