(មូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃចន្ទនេះបានឲ្យដឹងថា កងកម្លាំងថ្មើរជើងរុស្ស៊ីប្រមាណ៥០០ នាក់កំពុងធ្វើសមយុទ្ធនៅលើភ្នំនៃប្រទេសតាហ្សីគីស្ថាន ចំពេលមានអស្ថិរភាពនៅប្រទេសអាហ្វហ្គានីស្ថានជិតខាង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១។

ទីភ្នាក់ងារសារព័ត៌មាន Interfax បានស្រង់សម្តីមេបញ្ជាការកណ្តាលរុស្ស៊ី ដោយនិយាយថា ទាហានដែលចូលរួមក្នុងសមយុទ្ធនេះគឺមកពីមូលដ្ឋានយោធារុស្ស៊ីនៅប្រទេសតាជីគីស្ថានទាំងអស់។

គួរបញ្ជាក់ថា ការធ្វើសមយុទ្ធនាពេលបច្ចុប្បន្ននេះ គឺជាសមយុទ្ធទីបីហើយ ដែលធ្វើឡើងដោយប្រទេសរុស្ស៊ីនៅជិតព្រំដែនអាហ្វហ្គានីស្ថានក្នុងខែនេះ។ ហើយនៅខែក្រោយនេះក្រុមសន្តិសុខដែលដឹកនាំដោយរុស្ស៊ី នឹងធ្វើសមយុទ្ធមួយផ្សេងទៀតនៅប្រទេសកៀហ្ស៊ីស៊ីស្ថានដែលមានមូលដ្ឋានទ័ពអាកាសរុស្ស៊ី៕