(វៀងចន្ទន៍)៖ ក្រសួងសុខាភិបាលឡាវ នៅថ្ងៃចន្ទ ទី៣០ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៥៥នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៉ីនហួរ។

អគ្គនាយកនៃអាជ្ញាធរប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ចំណុះឲ្យក្រសួងសុខាភិបាលឡាវ លោក រតនាសាយ ភិតសាវ៉ាន់ (Rattanaxay Phetsouvanh) បានថ្លែងក្នុងសន្និសីទកាសែតមួយថា ក្រៅការរកឃើញអ្នកឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន០២នាក់ផ្សេងទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។

អ្នកជំងឺដែលស្លាប់ រួមមានម្នាក់គឺជាបុរសអាយុ៣៣ឆ្នាំ ដែលជាអ្នកទោសនៅពន្ធនាគារខេត្តសុវណ្ណខេត្ត (Savannakhet) ហើយបានចាប់ផ្តើមបង្ហាញរោគសញ្ញានៃជំងឺ COVID-19 កាលពីថ្ងៃទី២៥ ខែសីហាកន្លងទៅនេះ។ រីឯមា្នក់ទៀត គឺជាស្ត្រីដែលមានអាយុ ៧៤ឆ្នាំ។ គាត់ជាអ្នករស់នៅខេត្ត Savannakhet និងមានជំងឺលើសឈាមប្រចាំកាយ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យកាលពីថ្ងៃទី២៧ ខែសីហាកន្លងទៅនេះ។

គួរបញ្ជាក់ថា ប្រទេសឡាវត្រូវបានគេមើលឃើញថា បានគ្រប់គ្រងការឆ្លងរាតត្បាតជំងឺ COVID-19 យ៉ាងល្អប្រសើរ គិតចាប់តាំងពីការរកឃើញអ្នកឆ្លងចំនួន ០២នាក់ដំបូង កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ហើយរហូតមកទល់ពេលនេះ មានអ្នកឆ្លងជំងឺ COVID-19 សរុបនៅទាំងប្រទេស ១៤,៨១៦នាក់ ក្នុងនោះមានអ្នកស្លាប់ ១៤នាក់ និងអ្នកជាសះស្បើយ ៩,៧៦២នាក់៕