(បាងកក)៖ ក្រសួងសុខាភិបាលថៃ នៅថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ១៦,៥៣៦នាក់ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post។

បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ១៦,២៩៨ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣២៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ២៦៤នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថា ស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ២០,៩២៧នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 សរុបនៅទូទាំងប្រទេសចំនួន ១,១៧៤,០៩១ករណី ក្នុងនោះមានអ្នកស្លាប់ ១១,១៤៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ៩៨៥,៤៦៥នាក់។ តួលេខករណីឆ្លងប្រចាំថ្ងៃខ្ពស់បំផុតក្នុងប្រទេសថៃ គឺ ២៣,៤១៨នាក់ ត្រូវបានកត់ត្រាកាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ខណៈតួលេខស្លាប់ខ្ពស់បំផុតគឺ៣១២នាក់ ត្រូវបានកត់ត្រាកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១៕