(វ៉ាស៊ីនតោន)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្តេជ្ញាថា នឹងតាមប្រមាញ់ក្រុមដែលស្ថិតនៅពីក្រោយ ការបំផ្ទុះគ្រាប់បែកអត្តឃាត នៅអាកាសយានដ្ឋានទីក្រុងកាប៊ុល ដែលបានផ្តាច់ជីវិតកងទ័ពអាមេរិក ១៣នាក់ និង ១៨នាក់ទៀតរងរបួស។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១។

ទោះជាយ៉ាងណា ប្រធានាធិបតីរូបនេះបានគូសបញ្ជាក់ថា ប្រតិបត្តិការជម្លៀសមនុស្ស ចេញពីប្រទេសអាហ្វហ្គានីស្ថាន នឹងនៅតែបន្តជានិច្ច។ លោក ចូ បៃដិន បានថ្លែងយ៉ាងដូច្នេះថា «យើងចង់ឲ្យក្រុមដែលបានរៀបចំការវាយប្រហារនេះ ក៏ដូចជាអ្នកណាក៏ដោយ ដែលចង់ឲ្យអាមេរិករងគ្រោះដឹងថា យើងនឹងមិនលើកលែង និងមិនបំភ្លេចវាជាដាច់ខាត។ យើងនឹងតាមប្រមាញ់អ្នក ហើយអ្នកឲ្យសងនូវទង្វើនេះ»

នៅក្នុងសារសម្តែងមរណទុក្ខចេញពីសេតវិមាន លោក ចូ បៃដិន បានហៅកងទ័ពអាមេរិក ដែលបានពលីជីវិតនៅព្រលានយន្តហោះទីក្រុងកាប៊ុលនោះថា «វីរៈបុរស»។ លោកប្រធានាធិបតីក៏បានបញ្ជាក់ជាថ្មីផងដែរថា ការជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន នឹងត្រូវបន្តរហូតដល់កាលកំណត់ គឺថ្ងៃទី៣១ ខែសីហា។ លោក ចូ បៃដិន លើកឡើងយ៉ាងដូច្នេះថា «យើងនឹងមិនត្រូវបានរារាំង ដោយពួកភេរវករនោះទេ។ យើងនឹងមិនអនុញ្ញាតឱ្យពួកគេ បង្អាក់បេសកកម្មរបស់យើងទេ។ យើងនឹងបន្តការជម្លៀស»

គួរបញ្ជាក់តាមមេបញ្ជាការ នៃទីបញ្ជាការកណ្តាលយោធាអាមេរិក លោក ខិនណេត ម៉ាកខេនហ្ស៊ី (Kenneth McKenzie) បានអះអាងនៅថ្ងៃព្រហស្បតិ៍ថា ទាហានអាមេរិក ១៣នាក់បានបាត់បង់ជីវិត នៅក្នុងការវាយប្រហារនោះ និង ១៨នាក់ទៀតរងរបួស។ ការវាយប្រហារនេះត្រូវបានគេមើលឃើញថា បានបង្កឲ្យមានការបាត់បង់ជីវិតទាហានអាមេរិក យ៉ាងច្រើនក្នុងមួយថ្ងៃ ដែលកម្រកើតមានបំផុត សម្រាប់សង្គ្រាមនៅអាហ្វហ្គានីស្ថានរយៈពេល ២០ឆ្នាំមកនេះ។

ក្រោយការវាយប្រហារកើតឡើង ក្រុមភេរវករ ISIS បានចេញមុខអះអាងថា ពួកគេជាអ្នកស្ថិតនៅពីក្រោយទង្វើនេះ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រុម ISIS ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ថា សមាជិករបស់ក្រុមនេះបានរៀបធ្វើដំណើរ ទៅកាន់កន្លែងប្រមូលផ្តុំកកកុញនៃក្រុមអ្នកបកប្រែ និងសម្របសម្រួល នៅក្នុងជំរុំ បារ៉ាន (Baran Camp) នៃកងទ័ពអាមេរិក ដែលស្ថិតនៅក្បែរព្រលានយន្តហោះទីក្រុងកាប៊ុល ហើយបន្ទាប់មកសមាជិកនោះក៏បានចុចបំផ្ទុះគ្រាប់បែក ដែលនៅជាប់ខ្លួនតែម្តង។ ជាលទ្ធផលមនុស្ស ៦០នាក់បានស្លាប់ និង ១៤០នាក់រងរបួស៕