(កាប៊ុល)៖ ប្រព័ន្ធផ្សព្វផ្សាយអាហ្វហ្គានីស្ថាន Pajhwok នាថ្ងៃអង្គារនេះ បានរាយការណ៍ថា ក្រុមតាលីបង់បានតែងតាំងមន្រ្តីជាន់ខ្ពស់មួយចំនួន រួមមាន រដ្ឋមន្រ្តីហិរញ្ញវត្ថុ រដ្ឋមន្រ្តីមហាផ្ទៃ និងប្រមុខស៉ើបការណ៍សម្ងាត់ជាតិ ជាដើម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។

សារព័ត៌មាន Pajhwok បានឲ្យដឹងថា លោក Gul Agha នឹងទទួលតួនាទីជារដ្ឋមន្រ្តីហិរញ្ញវត្ថុ រីឯលោក Sadr Ibrahim នឹងកាន់តំណែងនឹងជា រដ្ឋមន្រ្តីមហាផ្ទៃស្តីទី។ ចំណែក លោក Najibullah នឹងជាប្រមុខស្ថាប័នចារកម្ម ខណៈលោក Mullah Shirin នឹងក្លាយជាអភិបាលខេត្តកាប៊ុល ហើយលោក Hamdullah Nomani នឹងឡើងជាចៅហ្វាយក្រុងកាប៊ុល។

គួរបញ្ជាក់ថា ក្រុមតាលីបង់ កំពុងព្យាយាមបង្កើតរដ្ឋាភិបាលរបស់ខ្លួន បន្ទាប់ពីរដ្ឋាភិបាលអាហ្វហ្គានីស្ថានចាស់ ដែលគាំទ្រដោយអាមេរិក បានដួលរលំ នៅពេលក្រុមសកម្មប្រយុទ្ធនេះ បានចូលគ្រប់គ្រងរដ្ឋធានីកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ហើយអតីតប្រធានាធិបតីអាហ្វហ្គានីស្ថាន បានភៀសខ្លួនចេញពីប្រទេស៕