(ហាណូយ)៖ វ៉ាក់សាំងបង្ការ COVID-19 ដែលត្រូវបានអភិវឌ្ឍ និងផលិតឡើងនៅក្នុងប្រទេសគុយបា នឹងត្រូវដឹកជញ្ជូនមកកាន់ប្រទេសវៀតណាម នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ ខណៈបច្ចេកវិទ្យាក្នុងការផលិត ក៏នឹងត្រូវផ្ទេរឲ្យប្រទេសអាស៊ានមួយនេះដូចគ្នា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នារសៀលថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។

ព័ត៌មានខាងលើនេះ ត្រូវបានប្រកាសចេញដោយក្រសួងសុខាភិបាលវៀតណាម ខណៈប្រទេសនេះត្រូវបានគេមើលឃើញថា បាននិងកំពុងតស៊ូប្រយុទ្ធទៅនឹងការផ្ទុះឡើង នៃជំងឺរាតត្បាតសកល COVID-19 ទ្រង់ទ្រាយធំ ជាពិសេសនៅទីក្រុងហូជីមិញ ដែលបានមើលឃើញករណីឆ្លងរាប់ម៉ឺននាក់ និងអ្នកជំងឺរាប់រយនាក់បាត់បង់ជីវិត នៅក្នុងមួយថ្ងៃៗ។

ក្រសួងសុខាភិបាលវៀតណាម បានគូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃអង្គារនេះថា «គុយបានឹងបញ្ជូនវ៉ាក់សាំងបង្ការ COVID-19 ក្នុងចំនួនជាច្រើនដូស (មិនបញ្ជាក់តួលេខជាក់លាក់) ព្រមទាំងក្រុមជំនាញផងដែរ មកកាន់ប្រទេសវៀតណាម ដើម្បីផ្ទេរបច្ចេកវិទ្យាផលិតវ៉ាក់សាំងនេះ នៅត្រឹមដំណាច់ឆ្នាំ២០២១នេះ»

គួរបញ្ជាក់ថា វ៉ាក់សាំងដែលគុយបា គ្រោងដឹកមកកាន់វៀតណាមនោះមានឈ្មោះថា អាប់ដាឡា (Abdala) ជាប្រភេទវ៉ាក់សាំងចាក់ ៣ដូស។ គុយបាធ្លាប់បានប្រកាសឲ្យដឹងកាលពីថ្ងៃមិថុនា ឆ្នាំ២០២១កន្លងទៅនេះថា Abdala មានប្រសិទ្ធភាព ៩២.២៨% នៅក្នុងការការពារមិនឲ្យឆ្លងវីរុសកូរ៉ូណា (COVID-19) តាមរយៈការធ្វើតេស្តលើមនុស្ស៕