(កាប៊ុល)៖ កងកម្លាំងយោធាអាមេរិក នាថ្ងៃអង្គារនេះ កំពុងបង្កើនកិច្ចប្រឹងប្រែងជម្លៀសមនុស្សចេញពី ទីក្រុងកាប៊ុលរបស់អាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមតាលីបង់ បានព្រមានថា ពួកគេនឹងទុកពេលឲ្យកម្លាំងអន្តរជាតិ បន្តប្រតិបត្តិការជម្លៀសមនុស្សត្រឹម មួយសប្តាហ៍ទៀតប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយ បណ្តាញព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងស្ថិតក្រោមការដាក់សម្ពាធកាន់តែខ្លាំងឡើង ដើម្បីពន្យារកាលបរិច្ឆេទកំណត់នៃការដកកងទ័ព ចេញពីអាហ្វហ្គានីស្ថានឲ្យអស់នៅត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ គិតចាប់តាំងពីក្រុមតាលីបង់ បានគ្រប់គ្រងប្រទេសអាហ្វហ្គានីស្ថាន កាលពី១០ថ្ងៃមុន ជនបរទេសនិងប្រជាជនអាហ្វហ្គានីស្ថានសរុបប្រហែល ៥០,០០០នាក់ ត្រូវបានជម្លៀសចេញពីប្រទេសនេះ តាមរយៈអាកាសយានដ្ឋានទីក្រុងកាប៊ុល។

មកទល់ពេលនេះ ពលរដ្ឋអាហ្វហ្គានីស្ថានរាប់ពាន់នាក់ នៅតែកំពុងបន្តប្រមូលផ្តុំគ្នា នៅខាងក្រៅព្រលានយន្តហោះកាប៊ុលដដែល ខណៈពួកគេភ័យខ្លាច អំពីជីវិតរស់នៅក្រោមការដឹកនាំរបស់ក្រុមតាលីបង់។

គួរបញ្ជាក់ថា ចាប់តាំងពីចូលកាន់កាប់រដ្ឋធានីកាប៊ុល កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ក្រុមតាលីបង់ បានផ្តល់ការយោគយល់ចំពោះ កិច្ចប្រឹងប្រែងជម្លៀសមនុស្សរបស់បរទេស ដោយមិនបានបង្កបញ្ហាអ្វីឡើយ។ ក៏ប៉ុន្តែកាលពីថ្ងៃចន្ទសប្តាហ៍នេះ ពួកគេបានព្រមានថា ប្រសិនបើអន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិកឬចក្រភពអង់គ្លេស ហ៊ានបន្តពន្យារពេលការជម្លៀសមនុស្ស នោះនឹងត្រូវប្រឈមផលវិបាកធ្ងន់ធ្ងរមិនខាន៕