(សិង្ហបុរី)៖ អនុប្រធានាធិបតីអាមេរិកលោកស្រី កាម៉ាឡា ហារីស (Kamala Harris) បានថ្លែងនៅក្នុងថ្ងៃបិទបញ្ចប់ ដំណើរទស្សនកិច្ចនៅប្រទេសសិង្ហបុរីថា សហរដ្ឋអាមេរិកនឹងឈរនៅជាមួយសម្ពន្ធមិត្ត និងដៃគូនានារបស់ខ្លួន ដើម្បីទប់ទល់ឥទ្ធិពលចិន ជាពិសេសនៅតំបន់សមុទ្រចិនខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មានសិង្ហបុរី CNA នារសៀលថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។

លោកស្រីអនុប្រធានាធិបតីអាមេរិក Harris បានថ្លែងចេញពីប្រទេសសិង្ហបុរីយ៉ា់ងដូច្នេះថា «ចក្ខុវិស័យរបស់យើងរួមមាន សេរីភាពក្នុងការធ្វើនាវាចរណ៍ ដែលមានសារៈសំខាន់ចំពោះយើងទាំងអស់គ្នា។ ជីវភាពរស់នៅរបស់ប្រជាជនរាប់លាននាក់ ពឹងផ្អែកលើពាណិជ្ជកម្មរាប់ពាន់លានដុល្លារ ដែលឆ្លងកាត់តាមផ្លូវសមុទ្រទាំងនេះជារៀងរាល់ថ្ងៃ»។ លោកស្រី Harris ក៏បានរិះគន់ប្រទេសចិនចំៗតែម្តង ចំពោះការអះអាងអធិបតេយ្យស្ទើរតែទាំងស្រុង នៅក្នុងតំបន់សមុទ្រចិនខាងត្បូង។

គួរបញ្ជាក់ថា លោកស្រី Kamala Harris ដែលជាអនុប្រធានាធិបតីស្ត្រីដំបូង នៅក្នុងប្រវត្តិសាស្ត្រអាមេរិក បានមកដល់ទឹកដីសិង្ហបុរីកាលពីថ្ងៃអាទិត្យសប្តាហ៍មុន ដើម្បីបំពេញទស្សនកិច្ចរយៈពេល ០៣ថ្ងៃ ហើយនៅថ្ងៃអង្គារនេះគឺជាថ្ងៃចុងក្រោយហើយ។ បន្ទាប់មកទៀត លោកស្រីអនុប្រធានាធិបតី និងគណៈប្រតិភូ នឹងឡើងយន្តហោះបន្តដំណើរទៅប្រទេសវៀតណាម នៅល្ងាចថ្ងៃអង្គារនេះ។

ចំពោះប្រទេសវៀតណាមវិញត្រូវបានគេមើលឃើញថា ជាភាគីជម្លោះយ៉ាងស្វិតស្វាញ និងក្តៅគគុកបំផុតនៅតំបន់សមុទ្រចិនខាងត្បូង ហើយជារឿយៗក៏តែងមានការប៉ះទង្គិច ជាមួយប្រទេសចិនផងដែរ។ ខណៈដែលសហរដ្ឋអាមេរិក កំពុងតែចាប់ដៃគូទាំងទៅលើវិស័យសេដ្ឋកិច្ច និងសន្តិសុខជាមួយវៀតណាមនោះ លោកស្រី Harris បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោនមិនមែនកំពុងជំរុញឲ្យប្រទេសណាមួយ ជ្រើសរើសផ្លូវដើរតែម្ខាងនោះឡើយ ប៉ុន្តែអាមេរិកកំពុងស្វែងរកការចូលរួម ក្នុងភាពជាដៃគូថ្នាក់តំបន់ ដើម្បីសម្រេចគោលដៅអភិវឌ្ឍសេដ្ឋកិច្ចរួម។

ជុំវិញដំណើរទស្សនកិច្ចដ៏រសើបរបស់អនុប្រធានាធិបតីអាមេរិក មកកាន់តំបន់អាស៊ីអាគ្នេយ៍នេះដែរ ប្រទេសចិនឯណោះវិញ ហាក់មិនទាន់បញ្ចេញប្រតិកម្មណាមួយនៅឡើយទេ ប៉ុន្តែប្រតិកម្មតបវិញប្រាកដជាមាន នៅក្នុងពេលឆាប់ៗខាងមុខនេះ៕