(អាមេរិក)៖ តាមការស្ទាបស្ទង់ដោយប្រព័ន្ធផ្កាយរណបរបស់អឺរ៉ុប ដុំពពកនៃឧស្ម័នពុលកាបូនម៉ូណូអុកស៊ីត (carbon monoxide) បង្កើតដោយភ្លើងឆេះព្រៃនៅក្នុងរដ្ឋ កាលីហ្វ័រញ៉ា (California) របស់សហរដ្ឋអាមេរិក កំពុងគ្របដណ្តប់លើផ្ទៃដីធំជាង ៣លានគីឡូម៉ែត្រក្រឡា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Space នារសៀលថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។

ទីភ្នាក់ងារតាមដានអាកាសធាតុ ខូពើនីខឹស (Copernicus) របស់អឺរ៉ុប ទទួលបានទិន្នន័យដូចខាងលើ តាមរយៈការប្រើប្រាស់ផ្កាយរណបអង្កេតផែនដី សិនឌីណែល 5P (Sentinel 5P)។ យោងតាមការស្ទាបស្ទង់របស់ផ្កាយរណប Sentinel ការបញ្ចេញឧស្ម័នកាបូន ដែលបណ្តាលមកពីភ្លើងឆេះព្រៃជាច្រើនកន្លែង នៅរដ្ឋ California គឺក្នុងស្ថិតក្នុងកម្រិតខ្ពស់បំផុតដែលត្រូវបានកត់ត្រា គិតចាប់តាំងពីឆ្នាំ២០០៣មក។

ឧបករណ៍ ត្រូផូមី (TROPOMI) របស់ផ្កាយរណប បានកត់ត្រាកម្រិតប្រមូលផ្តុំនៃឧស្ម័នកាបូនម៉ូណូអុកស៊ីតកម្រិត ០.០៨ ម៉ុល (Mol) ក្នុង១ម៉ែត្រក្រលា នៅក្បែរទីក្រុង សាន់ហ្វ្រាន់ស៊ីស្កូ (San Francisco) កាលពីថ្ងៃសុក្រសប្តាហ៍មុន ខណៈដែលក្រុមភ្នាក់ងារពន្លត់អគ្គីភ័យ បន្តព្យាយាមគ្រប់គ្រងភ្លើងឆេះព្រៃជាច្រើនទីតាំងនៅក្នុងតំបន់នោះ។

គួរបញ្ជាក់ថា ភ្លើងឆេះព្រៃធំៗដូចជា ខាលដ័រ (Caldor) ដែលបានលេចឡើងកាលពីជាង ១សប្តាហ៍មុន នៅក្បែរបឹង ថាហូ (Tahoe) បានឆាបឆេះលើផ្ទៃដីនិងព្រៃទំហំជាង ៤០,០០០ហិកតា។ រីឯភ្លើងឆេះព្រៃ ឌិចស៊ី (Dixie) ដែលជាភ្លើងឆេះព្រៃអាក្រក់បំផុត នៅក្នុងប្រវត្តិសាស្រ្តរដ្ឋ California បានបន្តឆេះរាលដាលរយៈពេល ៦សប្តាហ៍មកហើយ ដោយសារតែអាកាសធាតុក្តៅហើយស្ងួត។ គិតចាប់តាំងពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ ភ្លើងឆេះព្រៃ Dixie បានដុតបំផ្លាញផ្ទៃដី និងព្រៃឈើទំហំ ៣,០០០គីឡូម៉ែត្រក្រឡា៕