(វ៉ាស៉ីនតោន)៖ បុរសដែលខ្ពស់ជាងគេនៅសហរដ្ឋអាមេរិក ដែលមានកម្ពស់ ២.៣៥ម៉ែត្រ បានទទួលមរណភាពហើយនៅអាយុ ៣៨ឆ្នាំ ដោយសារបញ្ហាបេះដូង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។

លោក Igor Vovkovinskiy ដែលមានដើមកំណើតមកពីប្រទេសអ៊ុយក្រែន មានបញ្ហាសុខភាពមួយគេហៅថាជំងឺ pituitary gigantism ដែលបណ្តាលឱ្យមានការបញ្ចេញអរម៉ូនលូតលាស់ច្រើនលើសលុប។ មនុស្សដែលមានកម្ពស់ខ្ពស់ៗខ្លាំងខុសពីធម្មតា នៅក្នុងប្រវត្តិសាស្រ្ត សុទ្ធតែពាក់ព័ន្ធជាមួយជំងឺអរម៉ូននេះ ហើយពួកគេមិនសូវមានអាយុវែងប៉ុន្មានឡើយ។

ម្តាយរបស់លោក Vovkovinskiy បានបង្ហោះសារនៅលើគណនីបណ្ដាញសង្គមហ្វេសបុកថា កូនប្រុសរបស់គាត់ បានស្លាប់កាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅរដ្ឋមីនីសូតា (Minnesota) សហរដ្ឋអាមេរិក ដោយសារជំងឺបេះដូង។ គាត់បាននាំលោក Vovkovinskiy ចេញពីស្រុកកំណើតនៅប្រទេសអ៊ុយក្រែន កាលពីឆ្នាំ១៩៨៩ ដើម្បីទៅទទួលការព្យាបាលនៅគ្លីនិក Mayo ដែលស្ថិតនៅរដ្ឋភាគខាងជើងសហរដ្ឋអាមេរិកមួយនេះ។ ការវះកាត់ចំនួន០២ដង បានជួយសង្គ្រោះអាយុជីវិតរបស់លោក Vovkovinskiy ប៉ុន្តែបានបរាជ័យក្នុងការបញ្ឈប់ការលូតលាស់របស់លោកបាន។

គួរបញ្ជាក់ថា លោក Vovkovinskiy បានបំបែកកំណត់ត្រាពិភពលោក Guinness World Record ជាមនុស្សដែលមានកម្ពស់ខ្ពស់ជាងគេ នៅសហរដ្ឋអាមេរិក នៅអាយុ ២៧ឆ្នាំ។ សម្រាប់បុគ្គលដែលខ្ពស់បំផុត ក្នុងប្រវត្តិសាស្រ្តសម័យទំនើបរបស់សហរដ្ឋអាមេរិក គឺលោក Robert Wadlow ដែលមានកម្ពស់២.៧២ម៉ែត្រ។ លោក Wadlow បានទទួលមរណភាព នៅអាយុត្រឹម២២ឆ្នាំ ហើយលោកក៏ជាប់កំណត់ត្រាជា មនុស្សខ្ពស់ជាងបង្អស់ ក្នុងប្រវត្តិសាស្រ្តសម័យទំនើប របស់ពិភពលោកផងដែរ។ រីឯបុគ្គលដែលខ្ពស់បំផុត នាពេលបច្ចុប្បន្ន គឺលោក Sultan Kosen ជាជនជាតិតួកគីម្នាក់ ដែលមានកម្ពស់២.៥១ម៉ែត្រ៕