(វ៉ាស៊ីនតោន)៖ ស្ត្រីជាជនភៀសខ្លួនម្នាក់ឈ្មោះ ស៊ីម៉ា (Shima) មានអាយុ ៣០ឆ្នាំ បាននិយាយទាំងអួលដើមក នៅពេលបង្ហាញរូបថតកូនស្រីពីរ ម្នាក់មានអាយុ ៦ឆ្នាំ និងម្នាក់ទៀតមានអាយុ ១០ឆ្នាំ ក្រោយពីលោកស្រីបានមកដល់ទឹកដីសហរដ្ឋអាមេរិក ខណៈកូនស្រីទាំងពីរនាក់់នេះ កំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថាននៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។

លោកស្រី Shima និងស្វាមីរបស់លោកស្រីឈ្មោះ រ៉ូម៉ល ហៃដឺហ្សាដា (Romal Haiderzada) បានមកដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុង ដាល់ឡេស (Dulles) ក្នុងរដ្ឋ វ៉ើជីនៀ (Virginia) កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ (ម៉ោងនៅអាមេរិក) រួមជាមួយក្រុមជនភៀសខ្លួនអាហ្វហ្កានីស្ថានជាច្រើននាក់ទៀត។
លោកស្រី Shima បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន AFP យ៉ាងដូច្នេះថា «កូនស្រីទាំងពីររបស់ខ្ញុំកំពុងស្ថិតនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ហើយខ្ញុំកំពុងនៅសហរដ្ឋអាមេរិក... ខ្ញុំគួរតែស្លាប់ៗ»។ លោក Romal Haiderzada និងលោកស្រី Shima គឺស្ថិតនៅក្នុងចំណោមជនជាតិអាហ្វហ្កានីស្ថាន ដែលទទួលបានទិដ្ឋាការពិសេសក្នុងនាមជាជនភៀសខ្លួន ដែលធ្លាប់ធ្វើការឱ្យកងទ័ពអាមេរិកនៅអាហ្វហ្កានីស្ថាន។

ពុំមានការបញ្ជាក់ឲ្យច្បាស់លាស់ថា តើមូលហេតុអ្វីបានជាប្តីប្រពន្ធអាហ្វហ្គានីស្ថាន ទាំងពីរនាក់ខាងលើនេះ មកចោលកូនទាំងពីររបស់ខ្លួនបែបនេះឡើយ។ យ៉ាងណាក៏ដោយ ការជម្លៀសមនុស្សចេញពីអាហ្វហ្គានីស្ថាន ត្រូវបានធ្វើឡើងយ៉ាងកត់ក្រហល ដែលនេះទំនងជាមូលហេតុចម្បងមួយ នាំឲ្យពួកគេមិនអាចមានឱកាស នាំយកកូនៗមកជាមួយបានទាន់ពេល។

យោងតាមព័ត៌មាន Al Jazeera គិតត្រឹមថ្ងៃចន្ទម្សិលមិញនេះ មនុស្សជាង ២៨,០០០នាក់ហើយ ត្រូវបានជម្លៀសចេញពីអាហ្វហ្គានីស្ថាន ដោយក្នុងនោះភាគច្រើនបំផុតជាពលរដ្ឋអាមេរិក និងអ្នកមានសិទ្ធិជ្រកកោននៅសហរដ្ឋអាមេរិក ដែលមានចំនួនជាង ១៧,០០០នាក់ ហើយបន្ទាប់មកទៀតគឺអង់គ្លេស, អាល្លឺម៉ង់, ប៉ាគីស្ថាន និងអ៊ីតាលីជាដើម។ យ៉ាងណាក៏ដោយ មិនទាន់មានប្រភពណាអាចបញ្ជាក់ថា តើមនុស្សចំនួនប៉ុន្មាននាក់ទៀត នឹងត្រូវជម្លៀសចេញពីអាហ្វហ្គានីស្ថានោះឡើយ៕