(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១១១,១៣៤នាក់ទៀតបានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤០៦នាក់បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យ ចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអង្គារ ទី២៤ ខែសីហា ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៣៨,៨១៤,៥៩៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៦៤៦,៦៦៧នាក់ និងជាសះស្បើយឡើងសរុប ៣០.៥៧លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

ចំពោះមុខការកើនឡើងនៃករណីឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ឡើងវិញនៅទូទាំងសហរដ្ឋអាមេរិក ការចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទី ៣ ត្រូវបានអនុម័តដោយរដ្ឋបាលលោក ចូ បៃដិន។ ក្រុមអ្នកជំនាញធ្លាប់បានព្រមានថា អត្រាករណីឆ្លង COVID-19 នៅទូទាំងសហរដ្ឋអាមេរិក នឹងលោតដល់ខ្ទង់ ២០០,០០០នាក់ក្នុងមួយថ្ងៃ នៅប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួន ៣៦៣លានដូស ក្នុងនោះប្រជាជន ២០១.៤២លាននាក់ (៦១.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស និង ១៧០.៨២លាននាក់ទៀត (៥២%) បានទទួលការចាក់គ្រប់ដូស ឬ ២ដូស៕